Chelsea ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Malmo ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គ ៣២ក្រុមចុងក្រោយ ជើងទី១ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្ធូរបន្ថយសម្ពាធទៅលើគ្រូបង្វឹកលោក Maurizio Sarri ស្របពេលដែលក្រុម Arsenal បានរងបរាជ័យយ៉ាងខកចិត្តនៅលើទឹកដីក្រុម BATE Borisov។

ក្រុមភ្ញៀវ Chelsea ត្រូវតែធ្វើការស្តារមុខមាត់វិញ ក្រោយពីការរងបរាជ័យក្រៅដីដ៏អាម៉ាស់ចំនួន ២លើកជាប់ៗគ្នា ខណៈដែលការបរាជ័យក្នុងលទ្ធផល ៦-០ ក្រោមស្នាដៃក្រុម Manchester City កាលពីថ្ងៃអាទិត្យ បានកើតឡើង បន្ទាប់ពីការចាញ់ ៤-០ នៅលើទឹកដីក្រុម Bournemouth។ ខ្សែបម្រើ Ross Barkley ដណ្តើមយកការមានប្រៀបទៅលើការធ្វេសប្រហែសក្នងុតំបន់ការពារ ពីសំណាក់ក្រុមម្ចាស់ផ្ទះ ដើម្បីជួយឲ្យក្រុម Chelsea មានគ្រាប់បាល់នាំមុខមុន នៅនាទី ទី៣០ ខណៈដែលខ្សែប្រយុទ្ធ Olivier Giroud បានបន្ថែមគ្រាប់បាល់ទី២ នៅនាទី ទី៥៨ នៅមុនពេលគ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់ Malmo បានជួយឲ្យមានក្តីសង្ឃឹមដ៏ស្តួចស្តើង នៅមុនពេលការប្រកួតជើងទី២ នៅសប្តាហ៍ក្រោយ នាកីឡដ្ឋាន Stamford Bridge។ Chelsea នឹងត្រូវជួបក្រុម Manchester United ក្នុងពាន FA Cup នៅថ្ងៃចន្ទ នៅមុនពេលត្រូវជួបក្រុម Man City ម្តងទៀតក្នុងពាន League Cup វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៤ ខែកុម្ភៈ។

លោក Sarri បានប្រាប់បណ្តញសារព័ត៌មាន BT Sport ថា៖ «ខ្ញុំពិតជារីករាយណាស់ ពីព្រោះយើងបានលេងជាមួយនឹងការជឿជាក់ ហើយវាមិនងាយស្រួលឡើយ ក្រោយពីការចាញ់ក្នុងការប្រកួតចុងក្រោយក្រោមស្នាដៃក្រុម Man City»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំគិតថា ខ្ញុំតែងតែជឿជាក់ ប៉ុន្តែ ពេលខ្លះ យើងបង្ហាញពីទម្រង់លេងមិនបានល្អក្នុងការប្រកួតមួយចំនួន ហេតុនេះ យើងត្រូវតែប្រុងប្រយ័ត្នក្នុងរាល់ការប្រកួតទាំងអស់»៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia