ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ និងក្រុមU22ថៃ សុទ្ធតែទទួលបាន៣ពិន្ទុ នៅក្នុងការប្រកួតបើកឆាកប្រចាំពូលA នៃពានរង្វាន់ AFF U22 LG Cup 2019 ចំណែកក្រុមម្ចាស់ផ្ទះកម្ពុជា នឹងត្រូវស្វាគមន៍ក្រុមម៉ាឡេស៊ី នៅល្ងាចម៉ោង ៦:៣០ ថ្ងៃចន្ទនេះ។

តាមរយៈការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីល្ងាច ថ្ងៃអាទិត្យ ម្សិលមិញនោះ ក្រុមU22ហ្វីលីពីន បានធ្វើឲ្យក្រុមU22វៀតណាម មានភាពច្របូកច្របល់ខ្លាំង ខណៈពួកគេរកបានគ្រាប់បាល់នាំមុខតាំងពីនាទី៥១នោះ ហើយគ្រាប់បាល់ដែលរកបានដោយខ្សែប្រយុទ្ធ Borlongan នេះបានអូសបន្លាយរហូតដល់នាទី៧៣។

យ៉ាងណាក៏ដោយ ការវាយសម្រុកខ្លាំងពីការលេងបាល់លឿនៗរបស់ក្រុមវៀតណាម បានផ្តល់ឱកាសឲ្យកីឡាករ Tran Danh Trung រកបានគ្រាប់បាល់តាមស្មើក្រុមហ្វីលីពីន នៅនាទីទី៧៤ ហើយនៅនាទីទី៧៨ កីឡាករ Le Minh Binh បានរកឃើញគ្រាប់បាល់ជ័យជម្នះ ២-១ លើក្រុមហ្វីលីពីន ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត។

ចំណែកក្រុមU22ថៃ មិនអាចធ្វើព្យុះភ្លៀងទៅលើក្រុមទីម័រខាងកើត ដូចការប្រកួតកន្លងមកនោះទេ គឺពួកគេរកបានត្រឹម១គ្រាប់ប៉ុណ្ណោះ ដែលរកបានដោយកីឡាករ Promsupa នៅនាទីទី៤៧ ដើម្បីយកឈ្នះក្រុមទីម័រខាងកើត ១-០ នៅក្នុងការប្រកួតបើកឆាកនេះ។

តាមរយៈលទ្ធផលនេះ ក្រុមវៀតណាម បានឡើងទៅឈរនៅកំពូលតារាងនៃពូលA ជាបណ្តោះអាសន្ន ដោយមាន៣ពិន្ទុស្មើជាមួយក្រុមU22ថៃ ដែលឈរនៅលេខ២ ហើយជ័យជម្នះថ្ងៃបើកឆាកនេះ ក៏ធ្វើឲ្យក្រុមទាំង២ កាន់តែមានទឹកចិត្ត ក្នុងការប្រជែងយកឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ផងដែរ។

ដោយឡែកក្រុមU22កម្ពុជា នឹងត្រូវធ្វើការប្រកួតបើកឆាកជាមួយក្រុមU22ម៉ាឡេស៊ី នៅល្ងាចម៉ោង ៦:៣០ ថ្ងៃចន្ទនេះ ដើម្បីស្វែងរកក្រុមឈ្នះ៣ពិន្ទុ ហើយការប្រកួតនេះ អាចនឹងមានអ្នកគាំទ្រច្រើន ចំណែកក្រុមឈរនៅពូលBជាមួយគ្នា គឺ U22មីយ៉ាន់ម៉ា និង U22ឥណ្ឌូនេស៊ី ត្រូវប្រកួតគ្នា នៅរសៀលម៉ោង ៣:៣០ នៅពហុកីឡដ្ឋានជាតិ នោះដែរ៕

អត្ថបទ៖ Cambosport