ក្រុមកាំភ្លើងធំ Arsenal និងតោខៀវ Chelsea បានឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីក្រុមកាំភ្លើងធំ បានយកឈ្នះលើក្រុម BATE Borisov ក្នុងលទ្ធផល ៣-០ ហើយក្រុមធ្លាក់ទម្រង់លេងរបស់លោក Maurizio Sarri បានកាត់បន្ថយសម្ពាធមួយចំនួនលើរូបលោក ជាមួយនឹងជ័យជម្នះក្នុងលទ្ធផលដូចគ្នានេះ នៅពេលប្រកួតជាមួយនឹងក្រុម Malmo។

ក្រោយពីចាញ់ក្នុងលទ្ធផល ១-០ នៅប្រទេសបេឡារុស ក្រុម Arsenal បានតាមស្មើគ្រាប់បាល់វិញ បន្ទាប់ពីលេងបានត្រឹមតែ ៣នាទី នៅពេលដែលខ្សែការពារ Zakhar Volkov បានព្យាយាមស្លាយការបញ្ជូនបាល់របស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ផុតដៃអ្នកចាំទី Denis Scherbitski ចូលទីលានខ្លួនឯងតែម្តង។ ក្រុម Arsenal របស់លោក Unai Emery បានឈានទៅវគ្គបន្តយ៉ាងស័ក្តិសម ក្រោយពីរកបានគ្រាប់បាល់២គ្រាប់បន្ថែមទៀតពីសំណាក់កីឡាករ Shkodran Mustafi និង Sokratis បានដើម្បីពួកគេមានវត្តមានក្នុងការចាប់ឆ្នោតនៅថ្ងៃសុក្រនេះ។ លោក Emery បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «យើងចង់បានលទ្ធផលនេះ ប៉ុន្តែ យើងក៏ចង់លេងឲ្យអ្នកគាំទ្ររបស់យើងនៅទីនេះផងដែរ។ យើងបានប្រឹងអស់ពីសមត្ថភាពរបស់យើងដើម្បីស្រោចស្រង់ក្នុងការប្រកួតវគ្គនេះ ហើយក្រុមនេះបានធ្វើការងារយ៉ាងល្អ»។

ជាមួយគ្នានេះ ក្រុម Chelsea ដែលបានយកឈ្នះ ២-១ ក្នុងជើងទី១ បានយកឈ្នះលើក្រុម Malmo ដោយងាយក្នុងលទ្ធផល ៣-០ ដើម្បីដកសម្ពាធខ្លាំងចេញពីលោកគ្រូបង្វឹក Sarri។ ខ្សែប្រយុទ្ធ Callum Hudson-Odoi ដែលបានគ្រាប់បាល់១គ្រាប់ឲ្យ Chelsea បានប្រាប់ថា៖ «កីឡាករលេងបានយ៉ាងល្អនៅថ្ងៃនេះ។ យើងបានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការប្រកួតនេះ»៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia