សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA បានចោទប្រកាន់លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham Hotspur ពីបទប្រព្រឹត្តមិនសមរម សម្រាប់ការបង្កជម្លោះជាមួយនឹងអាជ្ញាកណ្តាល ក្រោយពីក្រុមខ្លួនបានរងបរាជ័យក្នុងលទ្ធផល ២-១ លើទឹកដីក្រុម Burnley ក្នុងការប្រកួតក្របខ័ណ្ឌ Premier League។


ការរងបរាជ័យនេះ បានប៉ះពាល់ដល់ក្តីសង្ឃឹមរបស់ក្រុមឈរលេខ២ Tottenham ហើយលោក Pochettino ហាក់បានសម្តែងនូវការខកចិត្តរបស់លោកទៅកាន់លោកអាជ្ញាកណ្តាល Mike Dean ក្នុងការប្រឈមមុខដាក់គ្នាយ៉ាងខឹងសម្បា។ FA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ពាក្យសម្តី និងឥរិយាបថរបស់អ្នកចាត់ការទូទៅរបស់ក្រុម Tottenham Hotspur ក្នុងពេលបញ្ចប់ការប្រកួត ទាំងនៅលើទីលាន និងនៅជុំវិញផ្លូវចូលទៅកាន់បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ត្រូវបានចាត់ទុកថា ជាការប្រព្រឹត្តមិនសមរម»។

លោក Pochettino ត្រូវបានចោទប្រកាន់សម្រាប់ការប្រព្រឹត្តល្មើស២ករណីនៃមាត្រច្បាប់ទី៣ របស់ FA ដែលទាក់ទងនឹងឥរិយាបថជាទូទៅ ហើយលោកនឹងប្រឈមមុខនឹងការពិន័យជាទឹកប្រាក់ ឬពិន័យព្យួរ។ គ្រូបង្វឹករូបនេះបាននិយាយកាលពីថ្ងៃសៅរ៍ថា៖ «ខ្ញុំគិតថា ខ្ញុំនឹងទទួលយករាល់អ្វីៗទាំងអស់ដែលអាចកើតឡើងពី FA។ រឿងនោះបានកើតឡើងនៅលើទីលាន ហើយខ្ញុំសង្ឃឹមថា វានឹងមិនលើសពីនេះ»។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ មានពេលវេលារហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់នេះ៕

អត្ថបទ៖ Cambosport
ប្រភព៖ Reuters