លោក Thomas Tuchel គ្រូបង្វឹករបស់ក្រុម Paris Saint-Germain បាននិយាយកាលពីថ្ងៃចន្ទថា រូបគេសង្ឃឹមថា Neymar នឹងវិលទៅហ្វឹកហាត់វិញ ក្រោយពីការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយ ជើងទី២ ជាមួយនឹងក្រុម Manchester United នាថ្ងៃទី៦ ខែមីនា។

កីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោករូបនេះ បានអវត្តមានចាប់តាំងពីថ្ងៃទី២៣ ខែមករា ដោយសារតែរបួសប្រអប់ជើង ក្នុងពេលក្រុមរបស់ខ្លួនយកឈ្នះលើក្រុម Strasbourg ក្នុងពាន French Cup ហើយដំបូងឡើយ រូបគេត្រូវរំពឹងទុកថា នឹងអវត្តមានរយៈពេល ១០សប្តាហ៍។ PSG គិតថា រូបគេនឹងវិលចូលប្រកួតវិញទាន់ពេលសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ៨ក្រុមចុងក្រោយ នៅខែមេសា។

Neymar បានស្ថិតនៅប្រទេសកំណើតរបស់គេ ប្រេស៊ីល តាំងពីថ្ងៃទី២០ ខែកុម្ភ ដើម្បីសម្រាកព្យាបាល។ រូបគេបានអវត្តមានក្នុងពេលក្រុមខ្លួនបានយកឈ្នះក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានឲ្យដឹងថា៖ «វាពិតជាសំខាន់ណាស់សម្រាប់យើងដែលរូបគេវិលទៅកាន់ប៉ារីសវិញ នៅមុនពេលជួបក្រុម Manchester United ដើម្បីជួយយើង និងគាំទ្រដល់យើង។ ខ្ញុំសង្ឃឹមថា បន្ទាប់ពីការប្រកួតនោះ រូបគេអាចចាប់ផ្តើមហ្វឹកហាត់ និងជួយដល់យើង»។ លោក Tuchel បានបន្ថែមទៀតថា៖ «វាពិតជាលំបាកណាស់ក្នុងការនិយាយទៅកាន់រូបគេ ដោយសារតែម៉ោងខុសគ្នា ប៉ុន្តែ យើងបានផ្ញើរសារឆ្លើយឆ្លងគ្នា។ ខ្ញុំដឹងថា រូបគេមានអារម្មណ៍ល្អ នៅពេលដែលរូបគេស្ថិតនៅប្រេស៊ីល»៕

អត្ថបទ ៖ Cambosport
ប្រភព៖ Channel News Asia