ការប្រកួតដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ នឹងចាប់ដំណើរការប្រកួតវគ្គជម្រុះថ្នាក់ខេត្ត នៅរសៀលថ្ងៃអង្គារនេះ ដើម្បីរកក្រុមលេខ១ និងក្រុមលេខ២ ឡើងមកប្រកួតថ្នាក់ជាតិ ជាមួយក្រុមជាសមាជិកលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ជាបន្តទៀត។

នៅក្នុងការប្រកួតថ្នាក់ខេត្តនេះ មានក្រុមចំនួន២៣ចូលរួម គឺស្មើនឹង២៣ខេត្ត ហើយក្រុមទាំងនេះ ត្រូវបានបែកចែកការប្រកួតជា៦ពូល ដោយក្នុងនោះពូលA មានក្រុមខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ឯពូលB មានក្រុមខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកណ្ដាល។

ចំណែកពូល C មានក្រុមខេត្តស្ទឹងត្រែង រតនៈគិរី ក្រចេះ ខេត្តមណ្ឌលគីរី ពូលD មានក្រុមខេត្តកំពត កែប ព្រះសីហនុ ខេត្តកោះកុង ពូលE មានខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ខេត្តព្រះវិហារ ហើយពូល F មានតែ៣ក្រុមទេ គឺមានក្រុមខេត្តតាកែវ កំពង់ស្ពឺ និងក្រុមខេត្តកំពង់ឆ្នាំង។

បើតាមគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួតជម្រុះថ្នាក់ខេត្តនេះ នឹងធ្វើការប្រកួតជម្រុះតាមពូលនីមួយៗតែ១ជុំប៉ុណ្ណោះ ហើយក្រុមទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំពូលទាំង៦ សរុប១២ក្រុម រួមទាំងក្រុមលេខ៣ល្អ ចំនួន៤ក្រុមផ្សេងទៀត នឹងត្រូវឡើងមកប្រកួតវគ្គជម្រុះ១៦ក្រុម ដើម្បីយកក្រុមឈ្នះ ប្រកួតជាបន្តបន្ទាប់ រហូតដល់វគ្គផ្តាច់ព្រ័ត្រតែម្តង។

ក្រុមដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៃវគ្គជម្រុះថ្នាក់ខេត្តទាំង២នោះ នឹងទទួលបានកៅអី ឡើងមកប្រកួតវគ្គជម្រុះ១៦ក្រុមថ្នាក់ជាតិ ជាមួយក្រុមលីកកំពូលកម្ពុជាទាំង១៤ ក្រុមជាបន្តទៀត ដោយវគ្គនេះ ត្រូវប្រកួតចំនួន២ជើង (ក្នុងដី និងក្រៅដី) គឺលើកលែងតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលប្រកួត១ជើង។

យ៉ាងណាមិញ សម្រាប់ការប្រកួតជម្រុះតាមពូលថ្នាក់ខេត្ត នៅថ្ងៃអង្គារនេះ មានការប្រកួតចំនួន៣គូ ដោយក្នុងនោះ ក្រុមខេត្តបាត់ដំបង ត្រូវបើកទ្វារកីឡដ្ឋានខេត្តបាត់ដំបង ស្វាគមន៍ក្រុមខេត្តប៉ៃលិន ឯក្រុមខេត្តពោធិ៍សាត់ ត្រូវប៉ះក្រុមខេត្តបន្ទាយមានជ័យ នៅកីឡដ្ឋានខេត្តពោធិ៍សាត់ ហើយក្រុមខេត្តត្បូងឃ្មុំ ត្រូវជួបក្រុមខេត្តកណ្តាល នៅកីឡដ្ឋានខេត្តត្បូងឃ្មុំ ខណៈការប្រកួតត្រូវធ្វើនៅរសៀលម៉ោង ៣:០០ ដូចគ្នា៕

អត្ថបទដោយ៖ Cambosport