ខ្សែ​ប្រយុទ្ធ Sadio Mane បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែលក្រុម Liverpool បាន​រក្សា​​​ការនាំ​មុខ​របស់​ខ្លួន​ពី​លើ​ក្រុម Manchester City នៅលើ​កំពូល​តារាង​​នៃក្រប​ខ័ណ្ឌ Premier League ក្រោយពី​កម្ម​វិធី​ប្រកួត​ដ៏មមា​ញឹក​កាលពីថ្ងៃ​ពុធ ដែល​មាន​ក្រុម​​កំពូល​ទាំង​៧​ចូលរួម​​​។

ក្រុម​របស់​លោក Jurgen Klopp បាន​យក​ឈ្នះ​លើក្រុម​ឡើង​ទម្រង់​លេង Watford យ៉ាង​ងាយ​ក្នុងលទ្ធផល ៥-០ នៅ​កីឡដ្ឋាន Anfield ដើម្បី​​លុប​ចោល​ការ​បារម្ភ​ផ្សេង​ៗ​ជុំ​វិញ​ការ​រក្សា​ភាពខ្លាំង​របស់​ពួកគេ ខណៈ​ដែល​ពួក​គេ​​កំពុង​តែ​ប្រជែង​យក​ពាន​ក្រប​ខ័ណ្ឌ​កំពូល​ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពីឆ្នាំ​១៩៩០​​។

Man City បាន​បំ​បែក​​តំបន់​ការ​ពារ​ដ៏រឹងមាំ​របស់​ក្រុម West Ham នា​កីឡដ្ឋាន Etihad ក្នុង​ការ​​ប្រកួត​តង់​ទី​២ ដើម្បី​រក្សា​ការ​ដេញ​តាម​ពីក្រោយ​ក្រុម Liverpool ចំនួន​១ពិន្ទុ ស្រប​ពេល​ដែលក្រុម​ឈរ​​លេខ​៣ Tottenham បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-០ ក្រោម​ស្នា​ដៃក្រុម Chelsea​។

Arsenal បាន​យកឈ្នះ​លើក្រុម Bournemouth យ៉ាង​ងាយ​ក្នុងលទ្ធផល ៥-១ ដើម្បី​រក្សា​​​ការ​ស្ថិតនៅក្នុង​ចំណាត់​ថ្នាក់​លេខ​៤ ដោយនាំមុខ​១ពិន្ទុ​លើក្រុម Manchester United ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Romelu Lukaku បាន​បង្ហាញ​ថ្វី​ជើង​ក្នុង​ពេល​អវត្តមាន​ខ្សែ​ប្រយុទ្ធ Marcus Rashford ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេល​ក្រុមខ្លួន​យកឈ្នះ ៣-១ នៅលើ​ទឹកដីក្រុម Crystal Palace​។

Liverpool បាន​ឈាន​ទៅ​កាន់​ការ​ប្រកួត​កាលពី​ថ្ងៃពុធ ក្រោយពី​ទទួល​បាន​លទ្ធផល​ស្មើ​៣លើក​ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ​លីក​៤លើក ប៉ុន្តែ Mane បាន​លុប​ចោល​ការ​ភិត​របស់​ក្រុមខ្លួន តាម​រយៈ​ការ​រក​គ្រាប់បាល់​បើកឆាកនៅ​ដើម​តង់ មុននឹង​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​គ្រាប់​បាល់​ជា​បន្ត​​បន្ទាប់​ទៀត ដើម្បី​កត់​ត្រា​ជ័យ​ជម្នះយ៉ាង​កក់ក្តៅ​តែម្តង​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia