ក្រុម Juventus បានបញ្ចប់ការនិយាយពីការប្រជែងពានតាមរយៈការបង្កើនការគ្រប់គ្រងស្ទើរតែទាំងស្រុងរបស់ពួកគេ ក្នុងក្របខ័ណ្ឌ Serie A ក្រោយពីបានជម្នះលើការវាយសម្រុកខ្លាំងក្នុងតង់ទី២ នៅលើទឹកដីក្រុម Napoli ដើម្បីយកឈ្នះក្នុងលទ្ធផល ២-១ ក្នុងការប្រកួតមួយ ដែលក្រុមទាំង២ បានបាត់បង់កីឡាករម្នាក់ដោយសារតែការពិន័យកាតក្រហមដូចគ្នា។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Juventus បង្កើនការនាំមុខរបស់ខ្លួនរហូតដល់ទៅ ១៦ពិន្ទុ កាលពីថ្ងៃអាទិត្យ។ ក្រុមកំពុងនាំមុខរបស់លោក Massimiliano Allegri បច្ចុប្បន្នហាក់មានសុវត្ថិភាពរួចរាល់ហើយក្នុងការឈ្នះពាន Serie A ជាលើកទី៨ របស់ពួកគេ ក្រោយពីការប្រកួតមួយដែលស្ទើរតែបានបញ្ចប់ត្រឹមតងទី១ ទៅហើយ ខណៈដែលក្រុម Juventus រកបាន ២គ្រាប់ និងមានប្រៀបជាមួយនឹងកីឡាករច្រើនជាងម្នាក់។ ប៉ុន្តែ ការប្រកួតមានការប្រែប្រួល នៅពេលដែលខ្សែប្រយុទ្ធ Miralem Pjanic បានរងពិន័យកាតក្រហម សម្រាប់ការធ្វើឲ្យដៃប៉ះបាល់ និងទទួលកាត់លឿងជាលើកទី២ បន្ទាប់ពីបញ្ចប់តង់ទី១។

លោក Allegri ដែលអនាគតរបស់លោកជាមួយនឹងក្លិប Juventus កំពុងស្ថិតក្នុងភាពមិនច្បាស់ ក្រោយពីរដូវកាលទី៥របស់លោកក្នុងទីក្រុង Turin នោះ បានឲ្យដឹងថា៖

«ខ្ញុំបានខ្វះនូវការយកចិត្តទុកដាក់។ ខ្ញុំគួរតែបានជំនួស Pjanic នៅពេលដែលរូបគេបានទទួលកាតលឿងជាលើកទី១។ រូបគេស្ថិតក្នុងបញ្ហា ប៉ុន្តែ ខ្ញុំមិនបានរំពឹងទុកថា រូបគេធ្វើឲ្យបាល់ប៉ះដៃឡើយ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖

«ខ្ញុំបាននិយាយរួចជាស្រេចថា យើងនឹងអង្គុយពិភាក្សាអំពីរដូវកាលនេះ ហើយរដូវកាលបន្ទាប់។ ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតនៅក្នុងក្លិប Juventus»៕

អត្ថបទដោយ៖ Cambosport
ប្រភព៖ Channel News Asia