លោក Mauricio Pochettino បាន​​ប្តឹង​ទៅកាន់​​​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អង់គ្លេស​​ហៅ​កាត់ថា FA និងក្រប​ខ័ណ្ឌ Premier League ឲ្យ​ជួយ​ដល់​ក្លិប​អង់គ្លេស ក្នុង​ក្រប​ខ័ណ្ឌ Champions League ក្រោយពី​បាន​ត្អូញ​ត្អែ អំពី​ការ​​មាន​ពេល​វេលា​ត្រៀម​ខ្លួ​ន​តិច​តួច​​របស់​ក្រុម Tottenham Hotspur នៅមុន​ពេល​ជួបក្រុម Borussia Dortmund​។

ក្រុម Spurs នឹង​ត្រូវ​ប្រកួត​ជាមួយ​នឹងក្រុម Dortmund នៅ​លើ​ទឹកដី​អាល្លឺ​ម៉ង់ នៅ​រាត្រីនេះ ក្នុង​វគ្គ​១៦​ក្រុម​ចុ​ង​ក្រោយ ជើង​ទី​២ ក្រោយពី​បាន​យកឈ្នះ​​លើ​ក្រុម​អាល្លឺ​ម៉ង់​មួយ​នេះ ក្នុងលទ្ធផល ៣-០ ក្នុង​ការ​ប្រកួត​ជើង​ទី​១ នា​កីឡដ្ឋាន Wembley​​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Pochettino វ័យ​៤៧​ឆ្នាំ មិន​មាន​ការ​ពេញ​ចិត្ត​ចំពោះការ​​មាន​ថ្ងៃ​សម្រាក​តិច​ជាង​១​ថ្ងៃ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​នា​កីឡដ្ឋាន Signal Iduna Park របស់​ក្រុម Dortmund ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ឡើយ​។

ក្រុម Spurs បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ លើ​ទឹកដីខ្លួន​ឯង​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Arsenal ក្នុង​​ជំនួប​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​តែ​មួយ​កាល​ពីថ្ងៃ​សៅរ៍ ស្រប​ពេល​ដែល​ក្រុម​ Dortmund បាន​រង​បរា​ជ័យ​ ២-១ នៅ​លើ​ទឹក​ដីក្រុម Augsburg កាលពី​រាត្រីថ្ងៃសុក្រ ​ក្នុង​ក្រប​ខ័ណ្ឌ Bundesliga​។

លោក Pochettino គ្រូបង្វឹក​របស់​ក្រុម Spurs បាន​ឲ្យ​ដឹង​ថា៖ «ពួក​គេ​​បាន​ប្រកួត​កាលពីថ្ងៃ​សុក្រ យើង​បាន​លេង​​នៅ​ថ្ងៃ​សៅរ៍​​។ វា​មិន​យុត្តិ​​ធម៌​ឡើយ​ក្នុង​​ការ​លេង​ដោយ​ការ​ចាញ់​ប្រៀប​បែប​នេះ​។ យើង​ត្រូវ​ការ​ជួយ​ពី​ FA និង​ក្រប​ខ័ណ្ឌ Premier League​។ សម្រាប់​យើង​ វា​មិន​អាច​ទៅ​រួច​ឡើយ​»​

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​បាន​លេង​ការ​ប្រកួតមួយ​ក្នុង Premier League នៅ​ថ្ងៃ​អាទិត្យ នៅមុន​ពេល​ជើង​ទី​១ ដែល​​បាន​ប្រកួត​​នៅថ្ងៃពុធ នៅពេល​ដែល​ក្រុម Dortmund បាន​លេង​នៅ​ថ្ងៃ​សៅរ៍​។ ពេល​នេះ យើង​បាន​លេង​នៅ​ថ្ងៃ​សៅរ៍ Dortmund បាន​លេង​នៅថ្ងៃ​សុក្រ​។ ខ្ញុំ​មិន​ដឹង​ថា FA ឬ Premier League នឹង​ត្រូវ​​ទទួល​ការ​ស្តី​បន្ទោស ឬ​ក៏​ទូ​រទស្សន៍​ឡើយ ដែល​ចង់​ឲ្យ​យើង​លេង​ដោយ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ​»​

ប្រភព​ព័ត៌​មាន៖ Cambosport