បរទេស៖ លោក Antonio Conte គ្រូបង្វឹករបស់ក្រុម Tottenham បានលើកឡើងថា លោកប្រហែលជាមិនមែនជាមនុស្សដែលត្រឹមត្រូវ ក្នុងការដឹកនាំក្លិបនេះឡើយ ក្រោយពីពួកគេបានរងបរាជ័យដ៏មិននឹកស្មានដល់នៅលើទឹកក្រុម Burnley ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ។

Spurs បានរងបរាជ័យជាលើកទី៤ ក្នុងចំណោមការប្រកួត៥លើកក្នុងក្របខ័ណ្ឌ Premier League ខណៈដែលគ្រាប់បាល់តែតបញ្ចូលទីនៅនាទី ទី៧១របស់ Ben Mee បានជួយឲ្យក្រុម Burnley កាន់តែមានការជឿជាក់លើការប្រជែងឲ្យផុតពីតំបន់កាត់ចោល។ ក្នុងពេលបញ្ចប់ការប្រកួត លោក Conte វ័យ៥២ឆ្នាំ បានដើរទៅកាន់បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ទាំងខកចិត្តភ្លាមៗ។

លោក Conte បានបង្ហាញមុខក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួត ប៉ុន្តែ បានបដិសេធក្នុងការនិយាយអំពីការប្រកួតនេះ និងនិយាយពីបញ្ហានាពេលបច្ចុប្បន្នក្នុងក្រុមរបស់លោកវិញ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានឲ្យដឹងថា៖ «ខ្ញុំមិនស៊ាំទៅនឹងស្ថានភាពនេះឡើយ។ ខ្ញុំកំពុងតែព្យាយាមស្របខ្លួនគ្រប់ចំណុចទាំងអស់ប៉ុន្តែ ស្ថានភាពនេះមិនផ្លាស់ប្តូរសោះ។ ខ្ញុំបើកចំហរឲ្យក្លិបនេះ ធ្វើអ្វីដែលក្លិបចង់ធ្វើ»៕

ប្រភពព័ត៌មាន៖ BBC