លោក Ole Gunner Solskjaer បាន​កោត​សរសើរ​លើ​​ស្មារតី​មិន​ចុះ​​ចាញ់​របស់​តារាឆ្នើម​ៗ​នៃក្រុម Manchester United របស់​ពួកគេ ខណៈ​ដែល​ពួក​គេ​បាន​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champion League តាម​រយៈ​ការ​​ដណ្តើម​បាន​ជ័យជម្នះ​ជា​កំណត់ត្រា​​ក្នុងលទ្ធផល ៣-១ លើ​ក្រុម Paris Saint Germain កាលពីថ្ងៃពុធ​​។

Man United បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ក្នុង​​ប្រវត្តិ​សាស្ត្រ​នៃ​ពាន European Cup ក្នុង​ការ​ស្រោចស្រង់ពី​ការ​ចាញ់​ក្នុង​ជើង​ទី​១​នៃ​វគ្គ​ចាញ់​ធ្លាក់​​ក្នុង​លទ្ធផល ២-០ លើ​ទឹកដីខ្លួន​​ឯង​។

ខ្សែ​ប្រយុទ្ធ Romelu Lukaku បាន​ស៊ុត​បាល់​បញ្ចូល​ទី​២គ្រាប់ នៅ​ចន្លោះ​ពេល​នៃ​ការ​រក​គ្រាប់​បាល់​តាម​ស្មើ​របស់​កីឡាករ Juan Bernat នៅមុន​ពេល​ខ្សែ​ប្រយុទ្ធ Marcus Rashford បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​​ដោយ​ប្រព័ន្ធ​វីដេអូ​ជំនួយ​ការ​អាជ្ញាកណ្តាល (VAR) ដើម្បី​​ជួយ​ឲ្យ​ក្រុម Man United ឈាន​ទៅ​វគ្គ​បន្ត​ តាម​រយៈ​គ្រាប់​បាល់​ក្រៅដី​។

នេះ​គឺ​ជា​លទ្ធផល​ដ៏មិននឹកស្មាន​ដល់ ដោយ​សារ​តែ​ Man United បាន​អវត្ត​មាន​ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល Paul Pogba ក៏ដូច​ជា​តារាឆ្នើម​ៗ​ជាច្រើន​ទៀត​​រួម​មាន Anthony Martial, Jesse Lingard និង Ander Herrera​។

ប៉ុន្តែ លោក Solskjaer អ្នក​ចាត់​ការ​ទូទៅ​បណ្តោះ​អាសន្ន​របស់​ក្រុម Man United បាន​បញ្ជាក់​ថា លោក​មិន​ដែល​មាន​ការ​សង្ស័យ​ថា កីឡាករ​របស់​លោក​អាច​​​ធ្វើ​រឿង​​ដ៏មិននឹកស្មាន​ដល់​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ជើង​ទី​២ ក្នុង​ទីក្រុង​ប៉ារីស ឡើយ​។

លោក Solskjaer បាន​ប្រាប់​ទូរ​ទស្សន៍ BT Sport ថា៖ «ការ​ជឿជាក់​លើ​កីឡាករ គឺ​​ជា​ក្តី​សង្ឃឹម​របស់​យើង​ប៉ុណ្ណោះ​។ វា​ពិត​ជា​អស្ចារ្យ​ណាស់​។ អ្នក​តែង​តែ​ដឹង​ថា វា​អាច​ទៅ​រួច​។ ជាមួយ​នឹង​ក្លិប​មួយ​នេះ នេះ​គឺ​ជា​អ្វី​ដែល​យើង​ធ្វើ​។ យើង​ជាក្រុម Man United​។ វា​ជា​ការ​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ Champoins League ហើយ​នោះ​​គឺ​ជា​លទ្ធផល​ដែល​យើង​ធ្វើ​​បាន​»​៕

ប្រភព​ព័ត៌​មាន៖ Cambosport