លោក Ole Gunnar Solskjaer បាន​ស្តី​បន្ទោស​ទៅលើ​ការ​ខ្វះ​នូវ​ភាព​មុត​ស្រួច​របស់​ក្រុម Manchester United ខណៈ​ដែល​គ្រូបង្វឹក​សញ្ជាតិ​ន័រ​វែស​រូបនេះ បាន​ស្គាល់​រស​ជាតិ​ចាញ់​ក្នុងការ​ប្រកួត​​យុទ្ធនាការ​​ក្នុង​ស្រុក​ជាលើក​ទី​​១ ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ​​បណ្តោះ​អាសន្ន ក្រោយពីក្រុម​​របស់​ខ្លួន​បាន​រង​បរា​ជ័យ​​ក្នុងលទ្ធផល ២-០ នៅ​លើ​ទឹកដីក្រុម Arsenal កាល​ពី​ថ្ងៃ​អាទិត្យ​​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ដើម​តង់របស់​ខ្សែ​បម្រើ Granit Xhaka និង​គ្រាប់បា​ល់​ប៉េ​ណាល់​ទី​​នៅ​រយៈ​ពេល​១២​ចុងក្រោយ​​របស់​ខ្សែ​ប្រយុទ្ធ Pierre Emerick-Aumbameyang បាន​ជួយ​ឲ្យ​ក្រុម​កាំភ្លើង​ធំ​ ឡើង​ឈរ​ពីលើ​ក្រុម Man United ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ នៅលើតារាង​ក្រប​ខ័ណ្ឌ Premier League​។

ក្រុម​​របស់​លោក Unai Emery ក៏​ដេញ​តាមពីក្រោយ​ក្រុម​ឈរ​លេខ​៣ Tottenham ត្រឹម​តែ​១​ពិន្ទុ ផង​ដែរ ហើយ​បច្ចុប្បន្ន កំពុង​តែ​មាន​​ប្រៀប​ក្នុង​ការ​ប្រជែង​​យក​​កៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League​។ Arsenal នឹង​មិន​ជួបក្រុម​​មាន​ចំណាត់​ថ្នាក់​​កំពូល​ទាំង​៦​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​លីក​ដែល​នៅ​សល់​ទាំង​៨​លើក​ចុងក្រោយ​របស់​ពួកគេ​ទៀត​ឡើយ ស្រប​ពេល​ដែល Man United នឹង​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Manchester City និង Chelsea ក្នុង​​​បសប្តាហ៍​បន្ត​បន្ទាប់​​ទៀត ស្រប​ពេល​ការ​ប្រជែង​យក​កៅអី​ Champions League និ​ង​ក្នុង​យុទ្ធ​នាការ FA Cup​​ ស្ថិតក្នុង​​គោល​ដៅ​ជា​អាទិ​ភាព​របស់​ពួកគេ​។

លោក Solskjaer បាន​ឲ្យ​ដឹង​ថា៖ «អ្នក​ត្រូវ​តែ​ខក​ចិត្ត​ជាមួយ​នឹង​លទ្ធផល​នេះ ប៉ុន្តែ ការ​បង្ហាញពី​ទម្រង់​លេង​​ពិត​ជា​ស្ថិត​ក្នុង​កម្រិត​ល្អ​។ គ្រាប់​បាល់​ទី​១​តែង​តែ​​​កាត់​សេចក្តី​ក្នុង​ការ​ប្រកួត​​។ យើង​បាន​បង្កើត​ឱកាស​ជាច្រើន ពោល​គឺ​ឱកាស​ល្អ​ៗ យើង​បាន​ស៊ុត​បាល់​ប៉ះ​របារ​ទី​២​លើក ហើយ Bern Leno លេង​បាន​យ៉ាងល្អ​។ ទាក់​ទង​នឹង​ការ​គ្រប់គ្រង​ការ​ប្រកួត យើង​មិន​គួរ​​រង​នូវ​ការ​ខក​ចិត្ត​ខ្លាំង​ឡើយ​»​

ប្រភព​ព័ត៌​មាន៖ Channel News Asia