យោងគេហទំព័រ The Sun បានចុះផ្សាយថាៈ លោក Ole Gunnar Solskjaer បានច្រានចោលគម្រោងក្នុងការចង់ចុះហត្ថលេខានាំយកកីឡាករខ្សែការពារកណ្តាល Kalidou Koulibaly របស់ក្លឹប Napoli។ គ្រូបង្វឹកសញ្ជាតិន័រវែសក៏នឹងត្រៀមទទួលបានការតែងតាំងជាអ្នកចាត់ការទូទៅជាអចិន្រ្តៃយ៍នៅរដូវក្តៅខាងមុខនេះ ក្រោយពីចូលមកជំនួសតួនាទីលោក Jose Mourinho កាលពីពាក់កណ្តាលខែធ្នូ និងចង់ឱ្យក្លឹបងាកមកយកចិត្តទុកដាក់ពង្រឹងលើតំបន់ប្រយុទ្ធរបស់ក្រុមឡើងវិញ។

កំលុងរជ្ជកាលដឹកនាំរបស់លោក Mourinho ធ្លាប់សម្តែងការខកចិត្តជាមួយនឹងក្រុម Man Utd គឺដោយសារតែក្រុមមិនបានបំពេញបំណងចុះហត្ថលេខានាំយកខ្សែការពារកណ្តាលរូបនេះកំលុង រដូវក្តៅមុន ហើយពួកគេក៏ខាកខានដូចគ្នាក្នុងការនាំយកខ្សែការពារ Diego Godin, Jerome Boateng និង Toby Alderwereild ផងដែរ។

Koulibaly វ័យ ២៧ឆ្នាំសញ្ជាតិសេណេហ្គាល់ត្រូវបានគេជឿជាក់ថាចង់ផ្លាស់ទៅទឹកដី Old Trafford ខណៈដែល Man Utd បានត្រៀមទឹកប្រាក់ចំនួន ៧៥លានផោនដូចដែល Liverpool បានចំណាយទិញ ខ្សែការពារ Virgil van Dijk ពីក្លឹប Souothampton ដូចគ្នា។ ប៉ុន្តែពេលនេះ លោក Solskjaer បានងាកមកចាប់អារម្មណ៏ខ្សែប្រយុទ្ធវ័យក្មេង Jadon Sancho របស់ Dortmund មកពង្រឹងតំបន់ប្រយុទ្ធរបស់ក្រុមសារជាថ្មី។

ប៉ុន្តែជាក់ស្តែងចាប់តាំងពីចូលមកដឹកនាំក្រុមបិសាចក្រហមបានផ្តោតលើការពង្រឹងតំបន់ការពារជាមួយការដាក់អោយលេងចាប់ដៃគូព្រមគ្នាសម្រាប់ Chris Smalling ព្រមទាំង Victor Lindelof ខណៈដែលលោក Solskjaer យល់ឃើញថាតំបន់ការពារមិនមែនជាបញ្ហាបន្ទាន់ត្រូវដោះស្រាយទេនៅរដូវក្តៅនេះ ស្របពេលក្រុមមានកីឡាករដែលមានស្រាប់ ដូចជា Eric Bailly, Phil Jones និង Marcos Rojo ជាដើមដែលអាចនិងត្រូវដាក់អោយចូលប្រកួតនាពេលខាងមុខ ។
ប្រភព៖ metro
