អ្នកចាំទីក្រុមរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Alisson Becker បានលើកឡើងថា គោលបំណងរបស់ Liverpool គឺមិនចង់ប្រលែងពានណាមួយនោះទេ ហើយរើសយកពានមួយណានោះទេ ពោលគឺចង់ឈ្នះទាំងពានរង្វាន់ Premier League និង UEFA Champions League ផងដែរបើសិនជាអាច។

ក្លឹប Liverpool ដែលបានយកឈ្នះលើក្រុម Bayern Munich កាលយប់មុិញក្នុងលទ្ធផល ៣-១ នៅរាត្រីក្នុងទីក្រុង Munich​ នៅក្នុងក្របខ័ណ្ UEFA Champions League វគ្គ១៦ក្រុម ជើងទី២ វេលាម៉ោង ០៣:០០នាទី នៅប្រទេសអាល្លឺម៉ង់​ (Germany) បន្ទាប់ពីជើងទី១ ពួកគេស្មើគ្នា ០-០។ នៅពេលអ្នកសារព័ត៌មានសួរឲ្យជ្រើសរើសពានណាមួយសំខាន់ជាងរវាង Premier League និង UEFA Champions League អ្នកចាំទីជម្រើសជាតិប្រេស៊ីលរូបនេះ យល់ថាសំខាន់ទាំង២ មិនអាចលះបង់មួយណាបាននោះទេ។

Alisson បាននិយាយក្នុងសន្និសីតកាសែតថា៖ “អត់ទេ យើងមិនអាចជ្រើសរើសយកតែមួយបានទេ។ បើសិនយើងអាចជ្រើសរើស គឺយើងរើសយកទាំង២។ នេះពានរង្វាន់ធំទាំងពីរ។ យើងមានគោលដៅរបស់យើង ហើយយើងនឹងប្រយុទ្ធដើម្បីបានពានទាំងនោះ។ គោលដៅរបស់យើងគឺ ដើម្បីឈ្នះពាន Premier League និងឈ្នះពានគ្រប់យ៉ាង ដែលយើងកំពុងតែលេង។ ដូច្នេះប្រាកដណាស់ UEFA Champions League ក៏ដូចគ្នា៕