សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានធ្វើបទចោទប្រកាន់កីឡាករ Cristiano Ronaldo បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានអបអរសាទរកំឡុងពេលរកបានជ័យជំនះក្នុងការប្រកួតជើងទីពីរ នៅពេលដែលក្រុម Juventus ផ្តួល Atletico Madrid ៣:0 ហើយខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ អាចនឹងប្រឈមក្នុងការអវត្តមានសម្រាប់ការប្រកួតជាមួយក្រុម Ajax នៅក្របខណ្ឌ Champion League នាខែក្រោយនេះ។

Ronaldo បានបញ្ចេញកាយវិការដោយយកដៃទាំងពីរដាក់ទះចន្លោះក្រលៀនទាំងសងខាង ដែលចាត់ទុកជាការបង្ហាញនៅសកម្មភាពមិនគួរគប្បី និងជាការធ្វើត្រាប់តាមលោក Diego Simeone គ្រូបង្វឹក At.Madrid ដែលធ្លាប់ធ្វើនៅពេលក្រុមរបស់លោកបានផ្តួល Juventus នាកីឡាដ្ឋាន Wanda Metropolitano កាលពីជើងទី១។ ករណីនេះលោក Simeone ត្រូវបានចោទប្រកាន់ដូចគ្នានិងត្រូវបាន UEFA ពិន័យជាប្រាក់ ២០.000ផោន ហើយហាមឃាត់មិនអាចឈរបញ្ជាកូនក្រុមនៅក្រៅខ្សែបន្ទាត់បានផងដែរ។

គេទំព័រ Omnisport បានចុះផ្សាយបញ្ជាក់បន្ថែមថាៈ Ronaldo អាចនឹងទទួលរងការព្យួរ សម្រាប់ជើងទីមួយនៃការប្រកួតវគ្គ ៨ក្រុមចុងក្រោយរបស់ Juventus ពេលទៅសួរសុខទូក្ខ Ajax នៅទីក្រុងអាំស្ទែដាំនៅថ្ងៃទី១០ ខែមេសា ២០១៩ ស្របពេលអតីតតារាឆ្នើមរបស់ក្រុម Real Madrid និង Manchester United នឹងដឹងពីជោគវាសនារបស់ខ្លួន បន្ទាប់ពី UEFA នឹងធ្វើប្រកាសវានៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ២០១៩ ខាងមុខនេះ។

ទោះជាយ៉ាងណាក្តីគ្រូបង្វឹកលោក Massimiliano Allegri បានច្រានចោលបម្រាមសម្រាប់កូនក្រុមកីឡាករវ័យ ៣៤ឆ្នាំរូបនេះ ដោយគ្រូបង្ចឹកសញ្ជាតិអ៊ីតាលីរូបនេះបានប្រាប់សារពត៌មានថាៈ
មិនពិតទេ។ ខ្ញុំគិតថាអ្នករាល់គ្នា(កីឡាករ)អាចរីករាយប្រារព្ធពិធី អបអរសាទរផ្ទាល់ខ្លួននៅលើទីលានប្រកួត។ ខ្ញុំមិនបានឃើញអ្វីប្លែកទេគ្រាន់តែជាការប្រារព្ធពិធី។ វានឹងមិនត្រូវបានហាមឃាត់នោះទេ។

សម្រាប់អ្នកចាត់ការទូទៅ At.Maddrid លោក Simeone ក៏មិនមានការព្រួយបារម្ភអំពីទង្វើរបស់ Ronaldo ភ្លាមៗទេ បន្ទាប់ពីការប្រកួតនៅកីឡដ្ឋាន Allianz។ អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីននិយាយថា:

ខ្ញុំជឿជាក់ថា Cristiano បានធ្វើកាយវិការជាមួយនឹងគោលបំណងដូចគ្នា ដែលខ្ញុំបានធ្វើជាមួយអ្នកគាំទ្ររបស់គាត់។ គាត់បានឃើញពីកាយវិកាដែលខ្ញុំប្រព្រឹត្តនៅកីឡាដ្ឋាន Wanda Metropolitano។

តារាឆ្នើមរូបនេះបានផ្តួលក្រុម At.Madrid ជាលើកទី៤ ក្នុងជំនួបនៅក្របខណ្ឌ Champion League ក្នុងនាមកីឡាករលេងអោយក្រុម ២ផ្សេងគ្នាគឺ Real Madrid និង Juventus នាពេលបច្ចុប្បន្ន។ ស្របពេលរូបគេរកបាន ១៩គ្រាប់នៅក្របខ័ណ្ឌ Serie A ក្រោយបង្ហាញខ្លួន ២៦ប្រកួតនៅរដូវកាលនេះ។

ប្រភព៖ foxsportsasia