ខ្សែបម្រើ Nemanja Matic បាននិយាយថា ក្រុម Manchester United មិនត្រូវបោះបង់ការប្រជែងរបស់ពួកគេសម្រាប់ចំណាត់ថ្នាក់លេខ៤ នៅលើតារាងក្របខ័ណ្ឌ Premier League ឡើយ ក្រោយពីពួកគេបានធ្លាក់ចេញពីការប្រកួតពាន FA Cup តាមរយៈការរងបរាជ័យជាលើកទី២ ជាប់ៗគ្នារបស់ពួកគេ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។

ការរងបរាជ័យក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពាន FA Cup វគ្គ ៨ក្រុមចុងក្រោយកាលពីថ្ងៃសៅរ៍ នៅលើទឹកដីក្រុម Wolves បានកើតឡើង ក្រោយពីការរងបរាជ័យ ២-០ ក្រោមស្នាដៃក្រុម Arsenal ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍មុន ដែលជាការរងបរាជ័យក្នុងការប្រកួតលីកជាលើកទី១ របស់ពួកគេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នសញ្ជាតិន័រវែសរូបនេះ។ ក្រុមឈរលេខ៥ Man United កំពុងតែនាំមុខត្រឹមតែ ១ពិន្ទុគត់លើក្រុម Chelsea និងដេញតាមពីក្រោយក្រុម Arsenal ២ពិន្ទុ ក្រោយពីលោក Solskjaer បានស្រោចស្រង់រដូវកាលរបស់ពួកគេវិញ បន្ទាប់ពីការបណ្តេញលោក Jose Mourinho ចេញពីតំណែង តាមរយៈការកត់ត្រាជ័យជម្នះ ១៤លើក ក្នុងចំណោមការប្រកួត ១៩លើករបស់លោក និងបានដឹកនាំឲ្យពួកគេឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។

ប៉ុន្តែ Matic ដឹងថា Man Untied មិនត្រូវបោះបង់ការប្រជែងដណ្តើមយកចំណាត់ថ្នាក់លេខ៤ ឡើយ។ ក្រោយពីការបរាជ័យនៅកីឡដ្ឋាន Molineux រូបគេបានឲ្យដឹងថា៖

«យើងត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើងនៅពេលនេះ ដើម្បីឈានទៅកាន់ចំណាត់ថ្នាក់កំពូលទាំង៤។ យើងមិនអាចឲ្យវារបូតបែបនេះឡើយ។ យើងមិនរីករាយជាមួយនឹងការប្រកួតបែបនេះឡើយ»។

ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖

«យើងនឹងវិភាគលើអ្វីៗទាំងអស់។ នៅសល់ការប្រកួតជាច្រើនដែលត្រូវលេង។ យើងនៅសល់ការប្រកួត៨លើកទៀតដើម្បីលេងនៅ Premier League ហើយយើងនឹងប្រជែងយកចំណាត់ថ្នាក់កំពូលទាំង៤»៕

ប្រភព៖ Channel News Asia