លោក Didier Deschamps រំពឹងទុកថា ក្រុមបាល់ទាត់ជម្រើសជាតិម៉ុលដាវី នឹងផ្តល់ការលំបាកដល់ក្រុមម្ចាស់ជើងឯកពិភពលោកបារាំង នៅពេលដែលពួកគេចាប់ផ្តើមយុទ្ធនាការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ក្នុងទីក្រុង Chisinau នៅថ្ងៃសុក្រ សប្តាហ៍នេះ។

ក្រុមជម្រើសជាតិបារាំង ដែលបានបញ្ចប់ក្នុងចំណាត់លេខ២ បន្ទាប់ពីក្រុមជម្រើសជាតិហូឡង់ ក្នុងយុទ្ធនាការ UEFA Nations League របស់ពួកគេនោះ នឹងក្លាយជាក្រុមមានប្រៀបជាងដាច់ក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១នៃពូល H ដែលក៏មានក្រុមជម្រើសជាតិអ៊ីស្លង់ តួកគី អាល់បានី និងអង់ដូរ៉ា ផងដែរ។ លោក Deschamps បាននិយាយពីថ្ងៃចន្ទថា៖

«អ្នកត្រូវតែមានការបារម្ភ។ វាមិនមានការប្រកួតណាដែលងាយស្រួលឡើយ។ យើងដឹងយ៉ាងច្បាស់ថា វានឹងអាស្រ័យទៅលើពួកគេស្ទើរតែទាំងស្រុង ប៉ុន្តែ ក្រុមជម្រើសជាតិម៉ុលដាវី នឹងព្យាយាមស្វែងរកសំណាងរបស់ពួកគេនៅលើទឹកដីខ្លួនឯង»។

ក្រុមជម្រើសជាតិម៉ុលដាវី កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១៧០ នៅលើតារាងពិភពលលោក និងមិនធ្លាប់បានឈ្នះការប្រកួតផ្លូវការសូម្បីតែ ១លើក បើគិតចាប់តាំងពីឆ្នាំ២០១៣ ក្រៅពីការដណ្តើមបានជ័យជម្នះ២លើកក្នុងការប្រកួតពាន Nations League លើក្រុមជម្រើសជាតិស៊ាំងម៉ារ៉ាំង កាលពីឆ្នាំមុន។ លោក Deschamps បានបញ្ជាក់ថា៖

«ពួកគេប្រហែលជាមិនផ្តល់ចន្លោះឲ្យច្រើនឡើយ។ យើងធ្លាប់បានជួបការប្រកួតក្នុងស្ថានភាពបែបនេះរួចជាស្រេច ហើយពួកគេមិនមែនជាក្រុមដ៏ងាយស្រួលឡើយ។ យើងត្រូវតែលេងឲ្យបានល្អ និងប្រកបដោយភាពស៊ីចង្វាក់ក្នា។ វាមិនងាយស្រួលឡើយ ប៉ុន្តែ យើងដឹងពីអ្វីដែលត្រូវរំពឹងទុក»។

ខ្សែបម្រើស្លាប Kingsley Coman របស់ក្លិប Bayern Munich នឹងវិលទៅកាន់ក្រុមបារាំងវិញជាលើកទី១ បើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីបានជួបបញ្ហារបួសជាបន្តបន្ទាប់៕

ប្រភព៖ worldsoccertalk