Gerard Pique បានក្លាយជាអ្នកការពារកំពូលម្នាក់ក្នុងពិភពបាល់ទាត់នៅឯក្លឹប Barcelona។ ទោះបីជាយ៉ាងណា រំលឹកដល់រឿងអតីតកាលមិនល្អសម្រាប់តារាបាល់ទាត់របស់ក្លិប Barcelona នៅពេលដែលគាត់នៅក្មេងនៅក្លឹប Manchester United។ Pique បានផ្ទេរពីកីឡាដ្ឋាន Camp Nou ទៅកាន់កីឡាដ្ឋាន Old Trafford ខណៈពេលដែលខ្លួន ជាយុវជនថ្នាល និងបានបន្តការបង្ហាញខ្លួនសម្រាប់ជម្រើសដំបូង ក្រោមការដឹកនាំក្នុងរជ្ជកាលលោក Sir Alex Ferguson។

ចូលលេងបានត្រឹមតែ ១២ប្រកួតក្នុងក្របខ័ណ្ឌ Premier League ក្នុងរយៈពេល ៤ឆ្នាំមុនពេលគាត់ចាកចេញទៅកាន់ Barcelona ដើម្បីសាងកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងរយៈពេល ១១ឆ្នាំកន្លងមកនេះ ស្របពេលកីឡាករវ័យ ៣២ឆ្នាំសញ្ជាតិអេស្បាញរូបនេះ និងត្រលប់ទៅបង្ហាញខ្លួនលេងនៅទឹកដី Old Trafford ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នាខែមេសាខាងមុខជាមួយអតីតក្លឹបចាស់។

Pique បាននិយាយ និងបង្ហោះនៅក្នុង Players Tribune ថាៈ

រំលឹកអតីតកាលជាមួយក្លឹប Man.United នៅពេលដែលខ្ញុំបាត់បង់ទំនុកចិត្តពី Sir Alex Ferguson។ Sir Alex គឺដូចជាឪពុកទីពីរចំពោះខ្ញុំ។ គាត់បានធ្វើអ្វីៗគ្រប់យ៉ាងដល់ខ្ញុំ នៅទីបំផុតគាត់បានផ្តល់ឱកាសដល់ខ្ញុំ។ នៅឆ្នាំ២០០៧ បន្ទាប់ពីចំណាយពេលពីរឆ្នាំនៅក្នុងប្រទេសអង់គ្លេសគាត់បានប្រាប់ខ្ញុំថា ខ្ញុំនឹងលេង ២៥ប្រកួតនៅរដូវកាលនោះអ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមយ៉ាងល្អដូចការគ្រោងទុក។ ពេលនោះខ្ញុំបានលេងជាមួយ Rio ហើយបន្ទាប់មកនៅក្នុងខែវិច្ឆិកាយើងបានទៅលេងជាមួយ Bolton ខ្ញុំបានបង្កកំហុសដោយ Clear បាល់មិនបានល្អ និងធ្វើអោយខ្សែប្រយុទ្ធ Nicolas AnelKa រកបានគ្រាប់បាល់បញ្ចូលទីនាពេលនោះ។

ចាប់តាំងពីពេលនោះមកឥទ្ធិពលរបស់ Pique បានថយចុះ ដែលវាធ្វើអោយគាត់បាត់បង់ទំនុកចិត្តនៅ Manchester United និងបានវិលត្រលប់ទៅ Barcelona នាឆ្នាំ២០០៨។យ៉ាងណាមិញ Pique ទទួលបានជោគជ័យជាមួយ Barcelona ជាកន្លែងគាត់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League បីដងរួចទៅហើយជាមួយនឹងក្រុម ស្របពេលរដូវកាលនេះ(២០១៨-២០១៩) ពួកគេបានប្តេជ្ញាថានឹងចង់ឈ្នះពានរង្វាន់កំពូលនៅក្នុងបាល់ទាត់អឺរ៉ុបម្តងទៀតជាមួយពាន២ ផ្សេងគ្នាគឺ Copa Del rey និង La Liga។ Pique នឹងត្រូវលេងប្រឈមអតីតក្លឹបចាស់របស់ខ្លួនជាមួយនឹងការប្រកួតជើងទី១ នៅលើទឹកដី Old Trafford នាថ្ងៃទី១០ ខែមេសា និងជើងទី២ ក្នុងទីក្រុងបាសេឡូណានៅថ្ងៃទី១៦ ខែមេសា ២០១៩។

ប្រភព៖ mirror