លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានបញ្ជាក់ថា Mohamed Salah គួរតែប្រើប្រាស់ Sadio Mane ជាការលើកចិត្ត ខណៈដែលតារាឆ្នើមអន្តរជាតិអេហ្ស៊ីបរូបនេះ ហាក់មិនបានបង្ហាញពីទម្រង់លេងក្នុងកម្រិតកំពូលឡើយ ក្រោយពីបានជួបរដូវកាលប្រកបដោយភាពជោគជ័យ។

Salah បានស៊ុតបញ្ចូលទី ៤៤គ្រាប់ ក្នុងរដូវកាលទី១ របស់គេជាមួយនឹងក្រុម Liverpool ប៉ុន្តែ យុទ្ធនាការក្នុងឆ្នាំទី២ របស់គេ មិនមានភាពរលូនឡើយ។ បើទោះបី Salah បានស៊ុតបាល់បញ្ចូលទី ២០គ្រាប់ក្នុងយុទ្ធនាការនាពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែ ការមិនអាចរកបានគ្រាប់បាល់បញ្ចូលទីរបស់គេក្នុងការប្រកួត ៧លើកជាប់ៗគ្នា គឺជាពេលវេលាដ៏យូរបំផុតដែលរូបគេបានជួបប្រទះ បើគិតចាប់តាំងពីការមិនអាចរកបានគ្រាប់បាល់ដល់ទៅ ១០ប្រកួតសម្រាប់ក្រុម Roma ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦។

បញ្ហានោះគឺជាកង្វល់មួយ ស្របពេលក្រុម Liverpool កំពុងតែប្រជែងដើម្បីឈ្នះពានអង់គ្លេសជាលើកទី១របស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ១៩៩០ ហើយពួកគេក៏បានឈានទៅវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ផងដែរ។ ប៉ុន្តែ Liverpool នៅតែជួបសំណាង ខណៈដែលខ្សែបម្រើស្លាបអន្តរជាតិសេណេហ្គាល់ Mane បង្ហាញពីទម្រង់លេងយ៉ាងល្អ និងបានរកគ្រាប់បាល់សរុប២០ស្មើជាមួយនឹង Salah ក្រោយពីបានស៊ុតបាល់បញ្ចូលទី១១គ្រាប់ ពីការប្រកួតទាំង១១លើក។

Mane មិនបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីសោះពីការប្រកួត៨លើកកាលពីខែវិច្ឆិកា និងខែធ្នូ ខណៈដែលរូបគេបានស៊ុតបាល់បញ្ចូលទីត្រឹមតែ៣គ្រាប់គត់ពីការប្រកួត១៧លើកក្នុងអំឡុងពេលនោះ។ ក្រោយពីបានមើលឃើញ Mane ឆ្លងផុតការលំបាកយ៉ាងជោគជ័យ លោក Klopp ជឿជាក់ថា Salah នឹងមើលឃើញថា សំណាងលើការរកគ្រាប់បាល់បញ្ចូលទីរបស់គេនឹងមានការប្រែប្រួល៕

កែសម្រួលដោយ៖ Channel News Asia