ក្រុមអត្តពលិកកីឡាវ៉ូវីណាម និងកីឡាគុនដាវកម្ពុជា ដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតជើងឯកអាស៊ាន នៅប្រទេសមីយ៉ាន់ម៉ា និងម៉ាឡេស៊ី កាលពីឆ្នាំ២០១៨ កន្លងមកនេះ ត្រូវបានរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ប្រាក់រង្វាន់ជូនពួកគេ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

តាមរបាយការណ៍របស់ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា ប្រាក់រង្វាន់ ដែលត្រូវប្រគល់ជូនដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ផ្នែកកីឡាវ៉ូវីណាម មានចំនួនសរុប៤៥៥ ៣០០ ០០០ រៀល ព្រោះការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ដល់ទី១២ ខែសីហា ដែលមាន៧ប្រទេសចូលរួមនោះ គឺក្រុមវ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយមាស៦ ប្រាក់៦ និងសំរឹទ្ធ១៤។

ពីការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ដល់ទី១២ ខែសីហា កន្លងមកនេះ បានទទួលប្រាក់រង្វាន់សរុបចំនួន៤៤៧ ៣០០ ០០០រៀល។
ចំណែកក្រុមកីឡាការិនីគុនដាវ ដែលបានឈ្នះមេដាយសំរឹទ្ធជាក្រុម នៅក្នុងការប្រកួតកីឡាគុនដាវជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ដោយមាន៤ប្រទេសចូលរួមនោះ គឺបានទទួលប្រាក់រង្វាន់ចំនួន២៨ ០០០ ០០០រៀល។

យ៉ាងណាក៏ដោយ នៅពិធីចែករង្វាន់ដល់អ្នកឈ្នះបានមេដាយ កាលពីព្រឹកមិញនោះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានហាមទៅដល់អត្តពលិក ដែលឈ្នះបានមេដាយមាស កុំឲ្យជិះសេះលែងដៃ។

លោក ស សុខា បានថ្លែងថា៖

«ចំពោះបងៗ ជាកីឡាករ កីឡាការិនី ដែលបានឈ្នះមេដាយមាស គឺហាមជិះសេះប្រលែងដៃ ព្រោះជាទូទៅខ្មែរយើងមួយចំនួន ឲ្យតែមានជំងឺតារាចូលខ្លួនហើយ ដឹងតែលែងសូវប្រុងប្រយ័ត្ន និងខំប្រឹងហ្វឹកហាត់ហើយ ហើយការប្រលែងដៃនេះហើយ ជាសត្រូវរបស់ខ្លួនឯង ដែលធ្វើឲ្យយើងទទួលបានការបរាជ័យ នៅពេលខាងមុខ»៕