ខ្សែប្រយុទ្ធ Harry Kane ដែលជាប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបញ្ជាក់ថា ក្រុមតោកំណាចទាំង៣របស់គេ ពិតជាមានសាមគ្គីភាព ដោយមិនត្រូវបានធ្វើឲ្យបែកបាក់ដោយសារតែការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League និងការប្រកួតក្នុងក្របខ័ណ្ឌ Champions League នាពេលខាងមុខនេះឡើយ។

ក្លិបអង់គ្លេសចំនួន៤បានឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប ជាលើកទី១ក្នុងរយៈពេល១ទសវត្សរ៍ ខណៈដែលខ្សែប្រយុទ្ធ Kane របស់ក្លិប Tottenham នឹងត្រូវប៉ះជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិជាច្រើន ដែលលេងឲ្យក្រុម Manchester City ចំនួន៣លើក ក្នុងការប្រកួតជើងទី២នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ និងការប្រកួត១លើកទៀតក្នុងក្របខ័ណ្ឌ Premier League នៅខែក្រោយនេះ។

Man City និងក្រុម Liverpool កំពុងតែប្រជែងដណ្តើមពានគ្នា ស្របពេលដែលក្រុម Spurs ត្រូវប្រឈមមុខនឹងការប្រជែងពីក្រុម Manchester United, Arsenal និង Chelsea សម្រាប់ចំណាត់ថ្នាក់កំពូលទាំង៤។ Kane បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំគិតថា រឿងដ៏អស្ចារ្យបំផុតអំពីក្រុមនេះ ក្នុងក្រុមអង់គ្លេសមួយនេះ គឺថាយើងមានការរីករាយ និងការកំបែ្លង ប៉ុន្តែ នៅពេលដែលស្ថិតនៅទីនេះ យើងជាក្រុមអង់គ្លេស១០០%»។

នៅមុនពេលអង់គ្លេស ត្រូវជួបក្រុមសាធារណរដ្ឋឆែក ក្នុងជម្រុះ Euro ឆ្នាំ២០២០ Kane បានបន្ថែមទៀតថា៖ «យើងធ្វើឲ្យក្លាយជាក្រុមតែមួយ សូម្បីតែកីឡាករមកពីក្រុម Liverpool និង Man City ក៏ដោយ។ នៅពេលដែលយើងស្ថិតនៅទីនេះ យើងជាក្រុមអង់គ្លេស១០០%» ហើយនៅពេលដែលយើងវិលត្រឡប់ទៅវិញ ខ្ញុំប្រាកដចិត្តថា នឹងមានការផ្ញើរសារក្នុងក្រុមជាច្រើន»៕

ប្រភពព័ត៌មាន៖ Channel News Asia