ខ្សែបម្រើប្រយុទ្ធដ៏មានឥទ្ធិពល Eden Hazard បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ចាប់ផ្តើមយ៉ាងល្អក្នុងយុទ្ធនាការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម រុស្ស៊ី ស្របពេលដែលខ្សែប្រយុទ្ធ Memphis Depay បានជួយឲ្យក្រុមម្រើសជាតិហូឡង់ យកឈ្នះលើក្រុមជម្រើសជាតិបេឡារុស ក្នុងលទ្ធផល ៤-០។

បែលហ្ស៊ិក ដែលឈានទៅប្រកួតព្រឹត្តិការណ៍ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានយកឈ្នះលើក្រុមជម្រើសជាតិរុស្ស៊ី ក្នុងលទ្ធផល ៣-១ ក្នុងទីក្រុង Brussels ខណៈដែល Hazard បានស៊ុតបាល់បញ្ចូលទី២គ្រាប់សម្រាប់ក្រុមរបស់លោក Roberto Martinez ក្នុងការប្រកួតបើកឆាកក្នុងពូល I។ កីឡាករ Youri Tielemans បានបំពេញការគ្រប់គ្រងបាល់យ៉ាងល្អរបស់គេដើម្បីស៊ុតបាល់បញ្ចូលទីជួយឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិក នាំមុខមុននៅនាទី ទី១៤ នាកីឡដ្ឋាន King Baudouin ប៉ុន្តែ អ្នកចាំទី Thibaut Courtois បានធ្វេសប្រហែសដែលនាំឲ្យក្រុមជម្រើសជាតិតាមស្មើវិញភ្លាមៗ។

ប៉ុន្តែ Hazard បានជួយឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិក រក្សាការនាំមុខរបស់ខ្លួន នៅមុនពេលបញ្ចប់តង់ទី១ ហើយបន្ទាប់មក បានបន្ថែម១គ្រាប់ទៀតដើម្បីបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួនតែម្តង។ ដោយឡែក ក្នុងទីក្រុង Rotterdam ខ្សែប្រយុទ្ធ Depay បានបង្ហាញពីទម្រង់លេងយ៉ាងល្អដើម្បីជួយឲ្យក្រុមជម្រើសជាតិហូឡង់ នាំមុខយ៉ាងរហ័ស ក្រោយពីលេងបានត្រឹមតែ៦០វិនាទី នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិបេឡារុស ក្នុងពូល C។ ជាមួយគ្នានេះ ក្រុមជម្រើសជាតិក្រូអាស៊ី ដែលជាម្ចាស់ជើងឯករង World Cup បានដណ្តើមយកជ័យជម្នះទាំងត្រដាបត្រដាបត្រដួសក្នុងលទ្ធផល ២-១ នៅពេលប្រកួតជាមួយនឹងក្រុមអាស៊ែបៃហ្សង់ ក្នុងទីក្រុង Zagreb៕

ប្រភពព័ត៌មាន៖ Channel News Asia