ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Juventus បានរងពិន័យជាទឹកប្រាក់ ២ម៉ឺនអឺរ៉ូ (ស្មើនឹង ២,២៧ ម៉ឺនដុល្លារអាមេរិក) ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA សម្រាប់កាយវិការដែលរូបគេបានធ្វើ ក្នុងពេលអបអរគ្រាដែលក្រុមខ្លួនបានយកឈ្នះលើក្រុម Atletico Madrid ក្នុងក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុន។

នេះបើយោងទៅតាមការប្រកាសរបស់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុបមួយនេះ កាលពីថ្ងៃព្រហស្បតិ៍។ Ronaldo បានគេចផុតពីការជាប់ពិន័យព្យួរ ហើយរូបគេនឹងមានសេរីភាពក្នុងការប៉ះជាមួយនឹងក្រុម Ajax Amsterdam ក្នុងវគ្គ៨ក្រុមចុងក្រោយ ស្របពេលដែលការប្រកួតជើងទី១ នឹងត្រូវរៀបចំឡើងនៅប្រទេសហូឡង់ នៅថ្ងៃទី១០ ខែមេសា។

Ronaldo ដែលបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងពេលដែក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus បានស្រោចស្រង់ការដេញតាមពីក្រោយ ២-០ ពីការប្រកួតជើងទី១ ដើម្បីឈ្នះទាំង២ជើងក្នុងលទ្ធផល ៣-២ លើក្រុម Atletico នោះ បានបញ្ចេញកាយវិការតាមរយៈការយកដៃក្តោបក្រលឿនរបស់គេ។

លោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico បានអបអរក្នុងកាយវិការដូចគ្នានេះ ក្រោយពីក្រុមរបស់លោកបានរកគ្រាប់បាល់បើកឆាកក្នុងការប្រកួតជើងទី១ ក្នុងរដ្ឋធានីរបស់អេស្ប៉ាញ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានរងពិន័យព្យួរក្នុងចំនួនទឹកប្រាក់ដូចគ្នានេះដោយគណៈកម្មាធិការវិន័យ និងសីលធម៌របស់ UEFA៕

ប្រភពព័ត៌មាន៖ Channel News Asia