Rodrigo Moreno អាចជាកីឡាករមានតម្លៃបំផុតនៅលើទីផ្សារទិញដូរកីឡាករនា រដូវក្តៅខាងមុខនេះ។ ក្រុមអ្នកមានបុណ្យ Barcelona មានការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Valencia ជាមួយនិងការត្រៀមទិញផ្តាច់នៅតម្លៃកុងត្រារបស់កីឡាករមានជំនាញលេងនៅតំបន់ប្រយុទ្ធស្លាបនៅទឹកប្រាក់ប្រមាណ ១២០លានអឺរ៉ូ។ យ៉ាងណាមិញក្រុមប្រជែងលីក La Liga គឺអធិរាជស Real Madrid ក៏ត្រូវបានប្រភពពត៌មានដដែលចុះផ្សាយថានិងចូលរួមប្រជែងដេញថ្លៃ Rodrigo ផងដែរ។

អតីតគ្រូបង្វឹក Real Madrid លោក Julen Lopetegui បានសម្តែងការចង់បាន Rodrigo កាលពីរដូវក្តៅមុន ប៉ុន្តែប្រធានក្លឹបលោក Florentino Pérez មិនបានធានាដល់កិច្ចព្រមព្រៀងជោគជ័យ ១០០ភាគរយទេ។ ក្រុមជើងឯក Champion League បានដកខ្លួនចេញនៅពេលដែល Valencia បានដាក់តម្លៃទិញផ្តាច់កុងត្រាសម្រាប់ខ្សែប្រយុទ្ធមានវ័យ ២៨ឆ្នាំរូបនេះ។ រីឯ Zinedine Zidane កំពុងតាមដាន និងត្រៀមខ្លួនប្រជែងដើម្បីចុះហត្ថលេខា Rodrigo នៅរដូវក្តៅនេះបើទោះបីជាគាត់មានអាទិភាពផ្សេងទៀត។

សម្រាប់លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បានបញ្ចេញមតិយល់ឃើញទាក់ទងនិង Rodrigo ថា:

រូបគេនឹងក្លាយជាកំលាំងប្រយុទ្ធថ្មីបន្ថែមគួរឱ្យចាប់អារម្មណ៍។ គាត់មានល្បឿនលឿននិងភាពប៉ិនប្រសព្វ។ ហើយមិនមែនត្រឹមតែជាអ្នកស៊ុតបាល់បញ្ចូលទីទេ ប៉ុន្តែគាត់មានគុណសម្បត្តិជាច្រើនទៀតដើម្បីបង្កើតឪកាសរកគ្រាប់បាល់អោយក្រុម។ បច្ចុប្បន្ន​ Barcelona ក្រុមកំពុងសម្លឺងឃើញបេក្ខភាព Luka Jovic របស់ក្រុមFrankfert ខណៈខ្សែប្រយុទ្ធ Rodrigo គឺជាគោលដៅអាទិភាពនៅពេលនេះ។