​កីឡាករ​ខ្សែប្រយុទ្ធ​ និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទិន Lionel Messi ហើយ​នឹង​កីឡាករ Cristiano Ronaldo របស់​ព័រ​ទុយ​ហ្គា​ល់​អ្នក​ទាំង២ ​បាន​កំណត់​គោលដៅ​ដូចគ្នា​ ក្នុង​ការ​វិល​ចូល​ក្រុម​ជម្រើស​ជាតិ​វិញ​ជា​លើកដំបូង​ ក្រោយ​ជួប​រឿង​ជូរចត់​នៅ World Cup រុស្ស៊ី ២០១៨។

​​តារា​ខ្សែប្រយុទ្ធ​ក្លឹប Barcelona, Lionel Messi កំណត់​ថ្ងៃ​សុក្រ​នេះ​ បង្ហាញខ្លួន​នា​ជំនួប​មិត្តភាព​ឲ្យ​អា​ហ្ស​ង់​ទិន តតាំង​នឹង​វេណេហ្ស៊ុយអេឡា​នាទី​ក្រុង​ម៉ា​ទ្រី​ត ជាមួយគ្នា​នោះ Ronaldo ដែល​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប​សេះបង្កង់ Juventus ក៏​នឹង​បង្ហាញ​វត្តមាន​ដែរ​ឲ្យ​ព័រ​ទុយ​ហ្គា​ល់​ប្រកួត​ដំបូង​នៅ Euro 2020 វគ្គ​ជំ​រុះ​នៅផ្ទះ​ខ្លួនឯង​ស្វាគមន៍​ក្រុម​អ៊ុយ​ក្រែ​ន​ក្នុង​ទីក្រុង Lisbon។​ សម្រាប់​តារា​ឆ្នើម​ដឹកនាំ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ Euro 2016, Ronaldo ហើយ​នឹង Lionel Messi សុទ្ធសឹងតែ​ខកខាន ៦​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ដូចគ្នា ​ចាប់​តាំង​ពី​បញ្ចប់ World Cup កាលពី​ចុង​ឆ្នាំ​កន្លងទៅ​។​

​​ព័រ​ទុយ​ហ្គា​ល់​បាន​ឈាន​ទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពាន UEFA Nations League ដែល​គ្មាន​វត្តមាន​របស់ Ronaldo ខណៈ​ដែល​បុរស​វ័យ ៣៤ឆ្នាំ​រូប​នេះ​ស៊ុត​បាន ៨៥​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១៥៤ប្រកួត ។​ រីឯ​កីឡាករ​កំពូល​ខ្សែប្រយុទ្ធ​ក្នុង​ប្រវត្តិសាស្ត្រ Barcelona, Lionel Messi ស៊ុត​បាន ៦៥គ្រាប់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នា ១២៨ប្រកួត នឹង​វិល​មក​ក្រុម​ជម្រើស​ជាតិ​ប្រកួត​ដំបូង​នៅ​ក្នុង​កីឡដ្ឋាន Wanda Metropolitano របស់​ក្រុម Atletico Madrid ផង​ដែរ ខណៈ​ដែល​កីឡាករ​មួយ​ចំនួន​ត្រូវ​អវត្តមាន​ដូចជា Sergio Aguero ​របស់ Man City, Gonzalo Huguain ​របស់ Chelsea និង Mauro Icardi​ របស់ Inter Milan ដែរ​៕