ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Nico Schulz បានជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះដ៏រំភើបក្នុងលទ្ធផល ៣-២ លើក្រុមជម្រើសជាតិហូឡង់ ក្នុងការប្រកួតវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ខណៈដែលក្រុមប្រជុំដោយកីឡាករថ្មីរបស់លោក Joachim Loew បានស្រោចស្រង់ពីការប្រកួតដ៏តានតឹងមួយ កាលពីថ្ងៃអាទិត្យ។

ស្របពេលជាមួយគ្នានេះ ក្រុមម្ចាស់ជើងឯករង World Cup ក្រូអាស៊ី បានរងបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុមជម្រើសជាតិហុងគ្រី ហើយខ្សែបម្រើ Eden Hazard បានអបអរបង្ហាញខ្លួនជាអន្តរជាតិលើកទី១០០របស់គេ តាមរយៈការរកបានគ្រាប់បាល់បើកឆាកក្នុងពេលក្រុមជម្រើសជាតិបែលហ្ស៊ិក យកឈ្នះលើក្រុមជម្រើសជាតិស៊ើប ក្នុងលទ្ធផល ២-០។

ក្រុមដែលមានការផ្លាស់ប្តូរសមាជិក អាល្លឺម៉ង់ បាននាំមុខយ៉ាងឆាប់រហ័សក្នុងលទ្ធផល ២-០ ក្នុងទីក្រុង Amsterdam តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពីសំណាក់ Leroy Sane និង Serge Gnabry ប៉ុន្តែ ក្រុមម្ចាស់ផ្ទះបានវាយបកវិញនៅតង់ទី២ តាមរយៈគ្រាប់បាល់ពីសំណាក់កីឡាករ Matthijs De Ligt នៅមុនពេលខ្សែបម្រើស្លាប Memphis Depay រកបានគ្រាប់បាល់តាមស្មើវិញនៅនាទី ទី៦៣។

ក្រុមម្ចាស់ជើងឯកពិភពលោក៤សម័យកាល បានស្ថិតក្រោមសម្ពាធដ៏តានតឹងពីសំណាក់ក្រុមហូឡង់ ដែលស្រេកឃ្លានចង់ឈ្នះ ប៉ុន្តែ ក្រុមភ្ញៀវ ដែលបានរងនូវការស្រែកចំអកឲ្យពីអ្នកគាំទ្រផ្ទាល់ខ្លួនក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិស៊ែប៊ី កាលពីថ្ងៃពុធសប្តាហ៍មុននោះ បានដណ្តើមយកឈ្នះជ័យជម្នះនៅនាទី ទី៩០ តាមរយៈ Schulz វ័យ២៥ឆ្នាំ៕

ប្រភពព័ត៌មាន៖ Channel News Asia