លោក Gareth Southgate បានប្រកាសថា មិនមានការស្ទាក់ស្ទើរក្នុងការដាក់ឲ្យកីឡាករ Jadon Sancho ឬ Callum Hudson-Odoi ចូលលេងក្នុងពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិម៉ុងតេណេហ្គ្រោ ក្នុងជម្រុះ Euro ឆ្នាំ២០២០នៅរាត្រីនេះឡើយ។

គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសរូបនេះ បានបញ្ជាក់ថា ការលេងនៅពីមុខអ្នកគាំទ្រដ៏ច្រើនកុះកររបស់ក្រុមជាកូបដិបក្ខ នឹងជួយឲ្យខ្សែបម្រើស្លាបទាំង២ មានបទពិសោធកាន់តែច្រើននៅលើកឆាកអន្តរជាតិ។ កីឡាករទាំង២សុទ្ធសឹងបានបង្ហាញខ្លួនក្នុងពេលក្រុមខ្លួនបានយកឈ្នះក្នុងលទ្ធផល ៥-០ លើក្រុមជម្រើសជាតិសាធារណរដ្ឋឆែក កាលពីថ្ងៃសុក្រ ក្នុងការប្រកួតជម្រុះបើឆាកនៃយុទ្ធនាការ Euro ឆ្នាំ២០២០ របស់ក្រុមអង់គ្លេស ខណៈដែល Hudson-Odoi បានបង្ហាញខ្លួនជាលើកទី១របស់គេ។

ក្នុងពេលនិយាយក្នុងសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួតនៅរាត្រីនេះ អតីតអ្នកចាត់ការទូទៅរបស់ក្លិប Middlesbrough រូបនេះបានបញ្ជាក់ថា កីឡាករទាំង២គួរតែអាចដោះស្រាយជាមួយនឹងអ្នកគាំទ្ររបស់ម៉ុងតេណេហ្គ្រោបាន។ លោក Southgate វ័យ៤៨ឆ្នាំ បានឲ្យដឹងថា៖ «ខ្ញុំគ្មានការស្ទាក់ស្ទើរឡើយ។ នេះគឺជាផ្នែកមួយនៃការអប់រំរបស់ពួកគេ។ ដើម្បីក្លាយជាក្រុមកំពូលមួយ យើងត្រូវតែស្របខ្លួនក្នុងរាល់បរិស្ថានដែលយើងនឹងចូលរួម»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ការប្រកួតកាលពីថ្ងៃសុក្រ នាកីឡដ្ឋាន Wembley គឺជាបទពិសោធផ្សេងគ្នាមួយ បើធៀបទៅនឹងការប្រកួតក្រៅដីក្នុងការប្រកួតជម្រុះនេះ ដែលតែងតែលំបាក។ របៀបតែមួយដែលពួកគេអាចរៀនបាន គឺការឆ្លងកាត់តាមរយៈបទពិសោធទាំងនេះ»៕

ប្រភពព័ត៌មាន៖ The Sun