ខ្សែប្រយុទ្ធ Kylian Mbappe បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំង លត់ក្រុមជម្រើសជាតិអ៊ីស្លង់ យ៉ាងចាស់ដៃ ក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០២០ កាលពីថ្ងៃចន្ទ ប៉ុន្តែតារាឆ្នើម Cristiano Ronaldo បានរងរបួស ក្នុងពេលក្រុមជម្រើសជាតិព័រទុយហ្គាល់បានបញ្ចប់ត្រឹមលទ្ធផលស្មើ យ៉ាងខកចិត្តជាមួយនឹងក្រុមជម្រើសជាតិស៊ែប៊ី។

Mbappe បានស៊ុតបាល់បញ្ចូលទី១គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន២គ្រាប់ផ្សេងទៀត ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកពិភពលោកមួយនេះ បានយកឈ្នះលើក្រុមជម្រើសជាតិអ៊ីស្លង់ ក្នុងលទ្ធផល ៤-០ នាកីឡដ្ឋាន Stade de France ដើម្បីឡើងឈរនៅលើកំពូលតារាងនៃពូល H ក្នុងយុទ្ធនាការជម្រុះ Euro ឆ្នាំ២០២០។

លទ្ធផលនេះ បានជួយឲ្យបារាំង ដែលបានយកឈ្នះលើក្រុមជម្រើសជាតិម៉ុលដាវី ៤-១ ក្នុងការប្រកួតជម្រុះបើកឆាករបស់ពួកគេនោះ មាន៦ពិន្ទុពេញការប្រកួត២លើកដំបូងរបស់ពួកគេ និងជួយឲ្យពួកគេនាំមុខលើក្រុមជម្រើសជាតិតួកគី ដែលក៏បានយកឈ្នះក្នុងលទ្ធផល ៤-០ កាលពីថ្ងៃចន្ទផងដែរនោះ ដោយសារតែមានគ្រាប់បាល់ច្រើនជាង។ កីឡាករ Samuel Umititi, Olivier Giroud, Mbappe និងAntoine Griezmann សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទី ខណៈដែលក្រុមជម្រើសជាតិអ៊ីស្លង់ បានជួបការលំបាកក្នុងការរារាំងក្រុមខ្លាំងបារាំង។

គ្រាប់បាល់ស៊ុតបញ្ចូលទីទី៣៥សម្រាប់ក្រុមបារាំងរបស់ Giroud បានធ្វើឲ្យពួកគេឡើងឈរលេខ៣នៅលើតារាងអ្នករកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ក្រុមបារាំង ដោយបច្ចុប្បន្នរូបគេដេញតាមតែពីក្រោយ Michel Platini (៤១គ្រាប) និង Thierry Henry (៥១គ្រាប់) ប៉ុណ្ណោះ។ ជាមួយគ្នានេះ លទ្ធផលមានភាពផ្ទុយគ្នាស្រឡះក្នុងទីក្រុង Lisbon ខណៈដែលក្រុមម្ចាស់ការពារជើងឯកទ្វីបអឺរ៉ុបព័រទុយហ្គាល់ របស់លោក Fernando Santos ដែលបានទទួលលទ្ធផលស្មើ ០-០ នៅលើទឹកដីខ្លួនឯងពេលជួបក្រុមអ៊ុយក្រែន ក្នុងការប្រកួតបើកឆាកក្នុងពូល B បានបញ្ចប់ក្នុងលទ្ធផលស្មើជាលើកទី២ តាមរយៈការទទួលបានលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិស៊ែប៊ី៕

ប្រភពព័ត៌មាន៖ Channel News Asia