លោក Luis Enrique គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានលុបចោលកង្វល់ផ្សេងៗអំពីសមត្ថភាពនៃការរកគ្រាប់បាល់របស់ក្រុមខ្លួន តាមរយៈការបញ្ជាក់ថា ក្រុមជម្រើសជាតិនេះ មានមធ្យមភាគនៃការរកគ្រាប់បាល់ល្អប្រសើរជាងក្រុម Barcelona ដែលកំពុងតែនាំមុខលើតារាងក្របខ័ណ្ឌ La Liga ទៅទៀត។

ក្រុមជម្រើសជាតិអេស្ប៉ាញ បានត្រូវការគ្រាប់បាល់ប៉េណាល់ទីរបស់ខ្សែការពារ Sergio Ramos ដើម្បីយកឈ្នះលើក្រុមជម្រើសជាតិន័រវែស ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ ក្នុងការប្រកួតបើកឆាកនៃពូល F ក្នុងយុទ្ធនាការ Euro ឆ្នាំ២០២០ របស់ពួកគេ ហើយនិងត្រូវធ្វើដំណើរទៅជួបក្រុមជម្រើសជាតិម៉ាល់តិ៍ នៅរាត្រីថ្ងៃអង្គារនេះ ដោយសម្លឹងរកបន្តការចាប់ផ្តើមយ៉ាងល្អរបស់ពួកគេក្នុងយុទ្ធនាការនេះ។ ខ្សែប្រយុទ្ធ Alvaro Morata និង Marco Asensio បានខ្ជះខ្ជាយឱកាសល្អៗជាច្រើន នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិន័រវែស ប៉ុន្តែ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញ បានលុបចោលនូវការលើកឡើងថា ក្រុមរបស់លោកកំពុងតែជួបការលំបាកក្នុងការរកគ្រាប់បាល់បញ្ចូលទី។

នៅមុនពេលការប្រកួតជាមួយនឹងក្រុមជម្រើសជាតិម៉ាលតិ៍ លោក Luis Enrique បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ការពិភាក្សាអំពីការខ្វះនូវគ្រាប់បាល់បញ្ចូលទី បានដឹងដល់ខ្ញុំ ប៉ុន្តែ យើងបានស៊ុតបាល់បញ្ចូលទី១៩គ្រាប់ ក្នុងការប្រកួត៧លើករបស់ខ្ញុំ។ ហេតុនេះ វាស្មើនឹង ២,៧គ្រាប់ក្នុង១ប្រកួត ហើយក្រុម Barca រកបានត្រឹមតែ២,៦គ្រាប់ក្នុង១ប្រកួតប៉ុណ្ណោះ ហើយពួកគេកំពុងតែរកបានគ្រាប់បាល់ច្រើនជាងគេលើកំពូលតារាងអេស្ប៉ាញ។ ហេតុនេះ សម្រាប់ក្រុមមួយដែលមានបញ្ហានៃការកបានគ្រាប់បាល់ យើងមិនមែនកំពុងតែធ្វើបានល្អបែបនេះឡើយ»។ គ្រូបង្វឹករូបនេះក៏បានសង្កត់ធ្ងន់ទៅលើគុណភាពដ៏រឹងមាំនៃការបង្ហាញពីទម្រង់លេងរបស់អេស្ប៉ាញ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេផងដែរ បើទោះបីឈ្នះទាំងប្រផិតប្រផើយក៏ដោយ៕
ប្រភពព័ត៌មាន៖ Channel News Asia