ការពិត Cristiano Ronaldo ចង់បានមិត្តរួមក្រុមដ៏ជិតស្និតគឺ ខ្សែការពារ Marcelo មកចូលរួមជាមួយខ្លួននៅក្លឹប Juventus ប៉ុន្តែយោងតាមប្រភពផ្សេងមួយទៀតបានលើកឡើងថាកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមិនមែនគោលដៅ តែមួយនាក់ដែលខ្សែបម្រើព័រទុយហ្គាល់រូបនេះចង់បានមករួមក្រុមនៅទីក្រុងទូរីននោះទេ។

គេហទំព័រ​​ Calciomercato បានចុះផ្សាយថាខ្សែប្រយុទ្ធ Cristiano Ronaldo ចង់បានខ្សែការពារកណ្តាល Raphael Varane មកកាន់ទីកដឹកអ៊ីតាលីដើម្បីប្រកួតប្រជែងពាននៅលីកកំពូលអ៊ីតាលីជាមួយខ្លួននៅរដូវកាលក្រោយ។ Ronaldo ចង់ឱ្យក្លឹប Juventus ធ្វើការបញ្ចុះបញ្ចូលនិង ចុះហត្ថលេខានាំយក Verane ជាមួយនិងការត្រៀមផ្តល់នៅទឹកប្រាក់ប្រមាណ៩០លានយូរ៉ុ ដើម្បីដាក់អោយ Real Madrid ពិចារណា។

កីឡាករអន្តរជាតិបារាំង Varane បានដើរតួជាកំលាំងស្នូលនាំយកមកនៅភាពជោគជ័យអោយក្រុម Real Madrid ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងផ្លាស់ពីក្លឹប Lens កាលពីឆ្នាំ២០១១។ ប៉ុន្តែបន្ទាប់ពីក្រុមមិនបានបង្ហាញទម្រង់លេងដូចអ្វីដែលធ្លាប់ធ្វើនាពេលកន្លងមក នៅរដូវ កាល ២០១៨-២០១៩នេះ Verane បានបង្ហាញចេតនាចង់ចាកចេញពីក្លឹបបើទោះបីជាសាមីខ្លួនមានទំនាក់ទំនងល្អជាមួយនិងគ្រូបង្វឹកបារាំងលោក Zinidine Zidane យ៉ាងណាក៏ដោយ។

Varane វ័យ ២៥ ឆ្នាំបានបង្ហាញខ្លួនចំនួន ៣៥ លើកសម្រាប់ក្រុម Real Madrid នៅរដូវកាលនេះ ប្រសិនរូបគេអាចផ្លាស់ទៅ Juventus គាត់អាចក្លាយជាកីឡាករទី២ របស់ Real Madrid ក្នុងការចូលរួមជាមួយក្លិបយក្សអ៊ីតាលី នៅក្នុងទីផ្សារដោះដូរកីឡាករខណៈ ខ្សែការពារឆ្វេង Marcelo ក៏អាចដើរតាមគន្លងនេះផងដែរ។
Credit: foxsportsasia.com