ការ​ទន្ទឹង​រង់​ចាំ​រប​ស់​អ្នកគាំទ្រ​ក្លិប​បាល់ទាត់ Tottenham Hotspur បាន​បញ្ចប់​ហើយ ដោយ​កីឡដ្ឋាន​ថ្មី​របស់​ក្លិបនេះ ​បាន​រៀប​ចំ​ការ​ប្រកួត​សាកល្បង និង​បើក​ឲ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនា​។​ ​​៦៧៩ថ្ងៃ​បន្ទាប់ពី​ការ​ប្រកួត​ចុង​ក្រោយ​នៃ​កីឡដ្ឋាន​ចាស់ White Hart Lane និង ៦ខែ​បន្ទាប់​ពន្យារពេល​ពី​ថ្ងៃ​ដាក់​សម្ពោធ​ដែល​គ្រោង​ធ្វើ​នៅ​ខែ​កញ្ញា​ឆ្នាំមុន កីឡដ្ឋាន​ថ្មី​ក៏បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​សាក​ល្បង​ពីរ​ប្រកួត​។

កាល​ពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅ​ក្រុមបាល់ទាត់ U18 Spurs បាន​យកឈ្នះ U18 Southampton 3-1 ដោយ​អ្នកគាំទ្រ​ដែល​មាន​សំណាង 28987នាក់​ចូលរួម​ទស្សនា កីឡាករ J’Neil Bennett ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ក្នុង​កីឡដ្ឋាន​ថ្មី​។​

​ក្រុម​វ័យ​ចាស់ Spurs នឹង​ជួប​ជាមួយ​ក្រុម​វ័យ​ចាស់ Inter Milan ក្នុង​ការ​ប្រកួត​សាកល្បង​ទី​ពីរ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ មុន​ពេល Tottenham Hotspur ទទួល​ភ្ញៀវ Crystal Palace ក្រប​ខណ្ឌ English Premier League ថ្ងៃ​ទី3 ខែ​ក្រោយ​ដែល​នឹង​ជា​ការ​ប្រកួត​ផ្លូវការ​លើកដំបូង​ក្នុង​កីឡដ្ឋាន​ថ្មី​។​ ​កីឡដ្ឋាន​ថ្មី​នៅ​ទឹកដី​ចាស់ White Hart Land ត្រូវ​បាន​រចនាបថ និង​ពង្រីក​ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូត​ដល់ 62062នាក់​៕