ការវិលទៅរកទម្រង់លេងដ៏មុតស្រួចវិញរបស់ខ្សែប្រយុទ្ធ Alvaro Morata បានបន្តកាលពីថ្ងៃអង្គារ ខណៈដែលរូបគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់ សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងពេលពួកគេបានយកឈ្នះលើក្រុមជម្រើសជាតិម៉ាល់ត៍ កាលពីថ្ងៃអង្គារ។

ក្រោយពីបានផ្តួលក្រុមជម្រើសជាតិន័រវែស ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ កាលពីថ្ងៃសៅរ៍ ការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់ Morata នាកីឡដ្ឋាន Ta’Qali បានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះ២លើកពីការប្រកួតទាំង២លើក ក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០២០ និងចាប់ផ្តើមយ៉ាងល្អក្នុងពូល F។ ក្រុមរបស់លោក Luis Enrique បានបង្ហាញពីការអសមត្ថភាពម្តងទៀតក្នុងការទាញយកផលពីការគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង ដើម្បីបង្កើតទៅជាឱកាសផ្សេងៗ ក្រោយពីពួកគេបានធ្លាក់ចេញយ៉ាងឆាប់រហ័សក្នុងយុទ្ធនាការ World Cup កាលពីឆ្នាំមុន។

ប៉ុន្តែ ការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់ Morata នឹងផ្តល់នូវការលើកទឹកចិត្តដល់ពួកគេ ខណៈដែលខ្សែប្រយុទ្ធរូបនេះ បានបន្តការវិលទៅរកទម្រង់លេងដ៏ល្អរបស់គេវិញ ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Chelsea កាលពីខែមករា។ រូបគេបានស៊ុតបាល់បញ្ចូលទី៥គ្រាប់ ក្នុងការប្រកួត៦លើក ដែលជាកំណត់ត្រាដ៏ល្អបំផុតរបស់គេ បើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ និងបានពង្រឹងការជឿជាក់លើទីតាំងមួយដែលក្រុមអេស្ប៉ាញកំពុងតែត្រូវការ។

ក្រុមជ្រើសជាតិម៉ាល់ត៍ ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៨២ នៅលើតារាងពិភពលោករបស់ FIFA ពោលគឺស្ថិតចន្លោះក្រុមលិចតិនស្តាញ និងម៉ាកាវ។ ការទទួលជ័យជម្នះរបស់ពួកគេ លើក្រុមជម្រើសជាតិកោះហ្វារ៉ូ កាលពីចុងសប្តាហ៍មុន គឺជាការឈ្នះជាលើកទី១របស់ពួកគេក្នុងចំណោមការប្រកួត១៧លើក និងជាលើកទី២ក្នុងរយៈពេលជិត៤ឆ្នាំ៕

ប្រភពព័ត៌មាន៖ Channel News Asia