សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានបញ្ជាក់ថា: ខ្លួនកំពុងតែស៊ើបអង្កេតលើករណីរើសអើងជាតិសាសន៍ ក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០២០ រវាងក្រុមបាល់ទាត់ជម្រើសជាតិម៉ុងតេណេហ្គ្រោ និងអង់គ្លេស កាលពីថ្ងៃចន្ទ ក្នុងទីក្រុង Podgorica ហើយទាំងកីឡាករ និងក្រុមអង្កេតឯករាជ្យសុទ្ធសឹងបានជំរុញឲ្យមានការចាត់វិធានការតឹងរ៉ឹង។

ខ្សែការពារអន្តរជាតិអង់គ្លេស Danny Rose ត្រូវបានគេចំអកឲ្យថា ជាសត្វស្វា ហើយ Raheem Sterling ដែលជាអ្នករកបានគ្រាប់បាល់ចុងក្រោយរបស់អង់គ្លេស ក្នុងពេលក្រុមខ្លួនឈ្នះ ៥-១ នោះក៏បានស៊ុតបាល់បញ្ចូលទីផងដែរ ហើយរូបគេបានឭពាក្យសម្តីរើសអើងជាតិសាសន៍ក្នុងការប្រកួតនេះ។ UEFA បានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួនកំពុងតែបើកការស៊ើបអង្កេតមួយទៅលើការចោទប្រកាន់ផ្សេងៗលើឥរិយាបថរើសអើង ក្នុងការប្រកួតនេះ។

ករណីនេះ នឹងត្រូវដោះស្រាយដោយក្រុមប្រឹក្សាត្រួតពិនិត្យ ក្របសីលធម៌ និងវិន័យ របស់ UEFA នាថ្ងៃទី១៦ ខែឧសភា។ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បានស្វាគមន៍ការស៊ើបអង្កេតនេះ ទៅលើការស្រែកបន្ទរគ្នាបែបរើសអើងជាតិសាសន៍។ FA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះគឺជារឿងមិនអាចទទួលយកបានឡើយក្នុងកម្រិតប្រកួតបែបណាក៏ដោយ ហើយយើងស្វាគមន៍ការសម្រេចចិត្តរបស់ UEFA នៅថ្ងៃនេះ ក្នុងការចាត់វិធានការផ្នែកវិន័យ»។ សហព័ន្ធកីឡាបាល់ទាត់ម៉ុងតេណេហ្គ្រោ បានបញ្ជាក់ថា ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការដាក់បម្រាមលើអ្នកគាំទ្រដែលត្រូវបានរកឃើញថា ទាក់ទិនក្នុងករណីរើសអើងនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia