ខ្សែប្រយុទ្ធបម្រុង Gabriel Jesus បានស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល វាយបកពីការដេញតាមពីក្រោយដើម្បីផ្តួលក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតមិត្តភាពក្នុងទីក្រុង Prague កាលពីថ្ងៃអង្គារ។

ខ្សែប្រយុទ្ធរបស់ក្លិប Manchester City រូបនេះ រកបានគ្រាប់បាល់ទី១របស់គេ ក្រោយពីទទួលបាល់ឆ្លងពីកីឡាករ David Neres
ដែលបានប្រើប្រាស់ល្បឿនយ៉ាងលឿនពីស្លាបឆ្វេង ក្រោយពីការបញ្ជូនបាល់ដ៏ល្អពី Danilo នៅនាទី ទី៨៣។ ហើយបន្ទាប់មក នៅនាទី ទី៩០ Jesus បានស៊ុតបាល់បញ្ចូលទី១គ្រាប់ទៀត ក្រោយពីការបញ្ជូនបាល់ចុះឡើងក្នុងតប្រអប់គ្រោះថ្នាក់នៃក្រុមសាធារណរដ្ឋឆែក។

ក្រុមជម្រើសជាតិឆែក រកបានគ្រាប់បាល់នាំមុខមុន នៅនាទី ទី៣៧ នៅពេលដែលខ្សែបម្រើ David Pavelka បានគ្រប់គ្រងបាល់យ៉ាងល្អនៅតំបន់ការពាររបស់ប្រេស៊ីល និងបានស៊ុតបាល់ផុតដៃអ្នកចាំទី Alisson។ Roberto Firmino រកបានគ្រាប់បាល់តាមស្មើវិញនៅរយៈពេល៤នាទីចុងក្រោយនៃតង់ទី១ នៅមុនពេល Jesus បានបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួន។ លោក Tite គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានឲ្យដឹងថា៖ «ពិតណាស់ យើងនឹងវិភាគរាល់ការបង្ហាញពីទម្រង់លេងរបស់កីឡាករទាំងអស់ ក្នុងការប្រកួត២លើកចុងក្រោយនេះ ប៉ុន្តែ យើងនៅតែមានពេលវេលានៅមុនពេលការជ្រើសរើសចុងក្រោយសម្រាប់យុទ្ធនាការ Copa America»៕

ប្រភពព័ត៌មាន៖ Channel News Asia