លោក Ole Gunnar Solskjaer ត្រូវបានក្លឹបបិសាចក្រហម Manchester United ប្រកាសតែងតាំងជាអ្នកចាត់ការស្តីទីក្លឹបជំនួសតំណែងលោក Jose Mourinho តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨ មកម៉្លេះ ខណៈរូបគាត់អាចនឹងទទួលបានតំណែងផ្លូវការសម្រាប់រដូវកាលក្រោយផងដែរ ក្រោយពីជួយឲ្យក្លឹបកែប្រែស្ថានការណ៍ត្រឡប់ប្រសើរមកវិញ។

យោងតាមប្រភពពី Daily Mail បានឲ្យដឹងថាថ្នាក់ដឹកនាំ Manchester United កំពុងពិចារណាជាលើកចុងក្រោយ ពាក់ព័ន្ធនឹងកៅអីរបស់បុរសវ័យ៤៦ឆ្នាំរូបនេះ។ ប្រភពដដែលក៏បានបង្ហាញថា យ៉ាងយូរអំឡុងសប្តាហ៍នេះ ក្លឹបជើងឯក Premier League ជាប្រវត្តិសាស្ត្រខាងលើ អាចនឹងប្រកាសអំពីអនាគត់រូបគាត់ជាមួយក្លឹបជាផ្លូវការ។

ក្នុងតំណែងបណ្តោះអាសន្នមួយរយៈកន្លងមកនេះ លោកបានជួយឲ្យ Manchester United ឡើងមកកាន់ក្នុងតំបន់ Top4 វិញ ខណៈភាពជោគជ័យគួរឲ្យភ្ញាក់ផ្អើលផងនោះគឺ វាយបកយកឈ្នះលើក្លឹបយក្សបារាំង Paris Saint-Germain ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ UEFA Champions League បើទោះបីជាជើងទី១ ចាញ់ក្នុងដីខ្លួន ដល់ទៅ ២-០ ក៏ដោយក្តី៕