លោក Louis Van Gaal អតីតគ្រូបង្វឹក Man.United បានច្រានចោលនូវគំនិតដែលថាគ្រូបង្វឹកបណ្តោះអាសន្ន Ole Gunnar Solskjaer កំពុងដឹកនាំក្រុម Manchester United លេងក្រោមគន្លងដឹកនាំរបស់ Sir Alex Ferguson។ លោកមានហេតុផលអះអាងបន្ថែមថាគ្រូបង្វឹកសញ្ជាតិន័រវេរូបនេះ ដឹកនាំរបៀបសំចតឡាន(ការយល់ឃើញរបស់លោក Van Gaal មានន័យថាក្រុមបិសាចក្រហម Man.United ប្រើទម្រង់លេងការពារច្រើនជាងវាយលុកដូចលោក Jose Mourinho ធ្លាប់បានធ្វើនាពេលកន្លងមក ប៉ុន្តែមិនដូចជាវិធីសាស្រ្តដែលកំពូលគ្រូបង្វឹក Alex Ferguson ធ្លាប់ប្រើនាពេលកន្លងមកនោះទេ។ យ៉ាងណាក្រុមអាចនឹងមានឪកាសឈ្នះពាន Champion League ប្រសិនជាទម្រង់បែបការពារនេះនៅតែធ្វើបានល្អ។

អ្នកចាត់ការមានវ័យ ៧៦ឆ្នាំដែលធ្លាប់មានបទពិសោធន៏ដឹកនាំក្រុម ៣០ឆ្នាំ សញ្ជាតិហូឡង់លោក Van Gaal បានប្រាប់ BBC ថា: គ្រូបង្វឹកបន្តវេនពីខ្ញុំ លោក Mourinho បានប្រើប្រាស់វិធីឈប់សំចតនៅលើទីលានប្រកួត ឥឡូវនេះមានគ្រូបង្វឹកម្នាក់ទៀតបានប្រើប្រាស់វិធីស្រដៀងគ្នានេះ។ ប៉ុន្តែភាពខុសគ្នារវាងលោក Mourinho គឺលោក Solskjaer ដឹកនាំក្រុមឈ្នះច្រើនជាងក្នុងការដឹកនាំរបៀបនេះ។

អតីតគ្រូបង្វឹក ដែលបានដឹកនាំហូឡង់ទទួលចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំ២០១៤ បន្តថាៈ ក្រុម Manchester United មានកីឡាករជាង 30នាក់កំលុងពេលខ្ញុំដឹកនាំ ប៉ុន្តែទីបំផុតជម្រុះនៅសល់ ២៣នាក់វិញ។ បន្ទាប់មកខ្ញុំបានជ្រើសរើសសម្រាប់កីឡាករយុវជន។ ខ្ញុំធ្វើបែបនេះនៅគ្រប់ក្លិបទាំងអស់។ នោះហើយ ជាមូលហេតុដែលកីឡាករវ័យក្មេងជាច្រើនបានចាប់ផ្តើមជាមួយខ្ញុំ។ គ្រូបង្វឹកជាច្រើនដូចជាលោក Mourinho មិនដែលផ្តល់ឱកាសដល់កីឡាករវ័យក្មេងទេ។ គាត់ដាក់អោយពួកគេចូលលេងក្នុងនាមកីឡាករបម្រុងត្រឹមតែប្រាំនាទីសម្រាប់លោក Mourinho រីឯលោក Solskjaer យ៉ាងច្រើន ១០នាទី។ នោះមិនមែនជាឱកាសទេ។

សម្រាប់ Solskjaer មានកំនត់ត្រាដឹកនាំក្រុម Man.United ឈ្នះ ១៤ប្រកួតក្នុងចំណោម ១៩ប្រកួតក្នុងនាមគ្រូបង្វឹកបម្រុងចាប់តាំងពី ជំនួសតំណែងលោក Mourinho ដែលត្រូវគេបណ្តេញចេញកាលពីខែធ្នូស្របពេលមានពត៌មានថាគាត់ នឹងត្រូវតែងតាំងជាអ្នកចាត់ការអចិន្ត្រៃយ៍នៅសប្តាហ៍នេះ។

ប្រភព៖ Talksport