​អតីត​ខ្សែ​ការពារ​​ Joleon Lescott ជឿជាក់​ថា​ Pep Guardiola នឹង​បន្ត​នៅ​ Manchester City រហូត​ទាល់​តែ​សម្រេច​បំណង​របស់​ក្លឹប​គឺ​ឈ្នះ​ Champions League លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។​

ក្រុម​រហស្សនាម​ ពណ៌​ផ្ទៃ​មេឃ​ត្បិត​ឡើង​ជើង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ប៉ុន្តែ​មិន​ដែល​ឈ្នះ​ Champions League ម្ដង​ណា​ឡើយ​ក្នុង​ប្រវត្តិ​​ ១៣៩​ឆ្នាំ​របស់​ក្លឹប​ ក្នុង​នោះ​បាន​ត្រឹម​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​ជា​កំណត់ត្រា​ល្អ​បំផុត​កាល​ពី​ឆ្នាំ​២០១៦។

កាល​ពី​ឆ្នាំ​ទៅ​ City ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​​ ក្រោម​ស្នាដៃ​របស់​ Liverpool ហើយ​​ឆ្នាំ​២០១៩​នេះ​ ពួកគេ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ Tottenham Hotspur នៅ​ Champions League ដែល​ជា​គូ​ប្រជែង​មក​ពី​លីគ​ដូច​គ្នា។​ យ៉ាង​ណា Lescott ជា​អតីត​ខ្សែ​ការពារ​របស់​ City ជឿជាក់​ថា​ Pep មិន​ចាកចេញ​ទេ​បើ​មិន​ឈ្នះ​ Champions League នៅ​ Etihad។​

“ខ្ញុំ​មិន​ជឿ​ថា​ Pep Guardiola រក​ទ្រនំ​ថ្មី​ដាច់​ខាត​ បើ​សិន​គាត់​មិនអាច​យក​ពាន​ទ្វីប​អឺរ៉ុប​មក​ឲ្យ​ Man City។ អ្នក​អាច​និយាយ​ថា​វា​គឺ​ជា​កិច្ចការ​ដែល​មិន​ទាន់​រួចរាល់​ ព្រោះ​ Pep បាន​ធ្វើ​រឿង​ជា​ច្រើន​នៅ​ City ដើម្បី​នាំ​ក្លឹប​នេះ​ទៅ​កាន់​ទី​កំពូល ក្នុង​រយៈ​ពេល​ដ៏​ខ្លី”។​ អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​និយាយ​៕