ខ្សែ​ប្រយុទ្ធ​ក្លឹប​ Sampdoria កីឡាករ​ Fabio Quagliarella បាន​ក្លាយ​កីឡាករ​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អ៊ីតាលី ដោយ​រក​គ្រាប់​បាល់​បាន​នៅ​អាយុ ៣៦​ឆ្នាំ​ ៥៤​ថ្ងៃ​ បន្ទាប់​ពី​រូបគេបានស៊ុត​បាល់​ពិន័យ​ ១១ម៉ែត្រ​ចំនួន​២​គ្រាប់​ ក្នុង​ប្រកួត​វគ្គ​ជម្រុះ​ UEFA Euro 2020 ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​លិចធិនស្តែន​។

ក្នុង​ប្រកួត​កាល​ពី​យប់​ថ្ងៃ​អង្គារ​នេះ​ដែរ​ កីឡាករ​ Quagliarella ​បាន​បង្ហាញ​ខ្លួន​ចំនួន ៧២​នាទី​ ហើយ​ក្រៅ​ពី​រក​គ្រាប់​បាល់​បាន​ កីឡាករ​រូប​នេះ​ក៏​បញ្ជូន​បាល់​ឲ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លឹប​ Juventus កីឡាករ​ Moise Keane ស៊ុត​បញ្ចូល​ទី​ផង​ដែរ​។​ Fabio បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ អតីត​ខ្សែ​ការពារ​ស្លាប​ស្ដាំ​កីឡាករ​ Christian Panucci ដែល​រក​គ្រាប់​បាល់​ចុង​ក្រោយ​របស់​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ក្នុង​អាយុ​ ៣៥​ឆ្នាំ​ ៦២​ថ្ងៃ​ កាល​ពី​ឆ្នាំ​២០០៨។

កីឡាករ​រូប​នេះ​ធ្លាប់​បាន​កោះ​ហៅ​ឲ្យ​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​កាល​ពី​ឆ្នាំ​២០០៧ រហូត​ដល់​ឆ្នាំ​២០១០ លុះ​ឆ្នាំ​២០១៩​ ទើប​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​កោះ​ហៅ​ម្ដង​ទៀត​ បន្ទាប់​ពី​បាន​បង្ហាញ​ទម្រង់​លេង​នៅ​ក្លឹប​ Sampdoria បាន​យ៉ាង​ល្អ​ ដោយ​រក​គ្រាប់​បាល់​បាន ២១​គ្រាប់​នៅ​ក្នុង​លីគ​កំពូល​អ៊ីតាលី​ និង​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​លីគ​ផង​ដែរ​៕