ក្លិប Bayern Munich បានចុះហត្ថេលេខាជាមួយនឹងខ្សែការពារ Lucas Hernandez ពីក្លិប Atletico Madrid សម្រាប់តម្លៃខ្លួន៨០លានអឺរ៉ូ (ស្មើនឹង៩០លានដុល្លារអាមេរិក) ហើយខ្សែការពាររូបនេះ នឹងចូលរួមជាក្លិបថ្មីជាផ្លូវការរបស់គេនៅខែកក្កដា។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបយក្សអាល្លឺម៉ង់មួយនេះ កាលពីថ្ងៃពុធ។

កីឡាករវ័យ២៣ឆ្នាំរូបនេះ បានយល់ព្រមលើកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយនឹងក្លិប Bayern នោះ បានស្ថិតក្នុងបញ្ជីឈ្មោះកីឡាករ ដែលស្ថិតក្នុងការចាប់អារម្មណ៍របស់ក្លិបធំៗនៅអឺរ៉ុបជាច្រើន ក្រោយពីរូបគេបានជាប់ក្នុងសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិបារាំង ដែលបានឈ្នះពាន World Cup ឆ្នាំ២០១៨។

លោក Hasan Salihamidzic ប្រធានផ្នែកកីឡារបស់ក្លិប Bayern បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ដែលយើងបាននាំយកខ្សែការពារម្នាក់ក្នុងចំណោមខ្សែការពារដ៏ឆ្នើមបំផុតក្នុងពិភពលោក និងជាម្ចាស់ជើងឯកពិភពលោកម្នាក់ផងដែរ»។ ក្លិប Bayern បានបញ្ជាក់ថា: Hernandez បានទទួលការវះកាត់កាលពីល្ងាចថ្ងៃពុធ ក្រោយពីការត្រួតពិនិត្យសុខភាពរបស់គេបានបង្ហាញថា រូបគេមានបញ្ហារបួសត្រង់ជង្គង់ស្តាំរបស់គេ។

លោក Hans-Wilhelm Mueller-Wohlfahrt ដែលជាប្រធានក្លិប បានបញ្ជាក់ថា: រូបគេនឹងត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមនៅរដូវកាលក្រោយ។ កីឡាកររូបនេះ នឹងជួយពង្រឹងតំបន់ការពាររបស់ក្រុម Bayern ដែលបានរងនូវការរិះគន់ជាច្រើននៅរដូវកាលនេះ។ ខ្សែការពារកណ្តាល Jerome Boateng និង Mats Hummels មិនបានបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ពួកគេដូចក្នុងយុទ្ធនាការ World Cup ឆ្នាំ២០១៤ ឡើយ និងទើបតែបានធ្លាក់ចេញពីក្រុមជម្រើសជាតិអាល្លឺម៉ង់៕
ប្រភពព័ត៌មាន៖ Channel News Asia