បញ្ហារបួសភ្លៅរបស់តារាឆ្នើម Cristiano Ronaldo ដែលបានកើតឡើងក្នុងពេលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ទទួលបានលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិស៊ែប៊ី ក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០២០ បានបង្កើតឲ្យមានការបារម្ភនៅអ៊ីតាលី នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ជាមួយនឹងក្រុម Ajax នៅរយៈពេល២សប្តាហ៍ទៀត។

ខ្សែប្រយុទ្ធរបស់ក្លិប Ronaldo វ័យ៣៤ឆ្នាំរូបនេះ បានរងរបួស ក្រោយពីលេងបានត្រឹមតែ៣០នាទីកាលពីថ្ងៃចន្ទ ខណៈដែលបានវិលទៅកាន់ទីក្រុង Turin វិញកាលពីថ្ងៃពុធ ដើម្បីទទួលបានការត្រួតពិនិត្យបន្ថែមលើរបួសរបស់គេនៅថ្ងៃព្រហស្បតិ៍នេះ។

Juventus បានបញ្ជាក់ថា: ការត្រួតពិនិត្យជាបឋមនៅប្រទេសព័រទុយហ្គាល់ បានបង្ហាញពីរបួសតូចមួយ ត្រង់ភ្លៅស្តាំរបស់ Ronaldo ខណៈដែលការប្រកួតក្របខ័ណ្ឌ Champions League ជើងទី១របស់ពួកគេ ជាមួយនឹងក្រុម Ajax នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ។

Ronaldo បានធ្វើដំណើរទៅកាន់ទីក្រុង Barcelona ដើម្បីបំពេញការងារឯកជន កាលពីថ្ងៃពុធ ហើយក្រោយមក តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ បានបង្ហោះរូបថតរបស់គេនៅលើបណ្តាញសង្គម។ បណ្តាញសារព័ត៌មានអ៊ីតាលី បានចេញផ្សាយថា ម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ៥សម័យកាលរូបនេះ បានវិលទៅកាន់ទីក្រុង Turin ដោយយន្តហោះឯកជន នៅយប់ថ្ងៃពុធ ខណៈដែលការត្រួតពិនិត្យផ្សេងៗនឹងត្រូវធ្វើឡើងជាមួយនឹងបុគ្គលិកពេទ្យរបស់ Juventus នៅថ្ងៃព្រហស្បតិ៍នេះ៕
ប្រភពព័ត៌មាន៖ Channel News Asia