លោក Ole Gunnar Solskjaer បានកំណត់គោលដៅលើការឈ្នះពានក្របខ័ណ្ឌ Premier League ក្រោយពីត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅពេញសិទ្ធិរបស់ក្លិប Manchester United កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈការបញ្ជាក់ថា ក្លិបនេះ «ពិតជាមិនអាចរង់ចាំក្នុងរយៈពេលយូរឆ្នាំពេកឡើយ»។

គ្រូបង្វឹកសញ្ជាតិន័រវែសវ័យ៤៦ឆ្នាំរូបនេះ ត្រូវបានផ្តល់កុងត្រារយៈពេល៣ឆ្នាំ ក្រោយពីការសង្គ្រោះជោគវាសនារបស់ក្រុម Man United ចាប់តាំងពីទៅកាន់តំណែងក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន កាលពីខែធ្នូ តាមរយៈការដណ្តើមបានជ័យជម្នះ១៤លើក ក្នុងចំណោមការប្រកួត១៩ដង។ ក្នុងការដឹកនាំក្នុងរយៈពេលដ៏ខ្លីរបស់លោក លោក Solskjaer បានជួយឲ្យក្រុមបិសាចក្រហម វិលទៅកាន់ការប្រជែងដណ្តើមចំណាត់ថ្នាក់កំពូលទាំង៤របស់ក្របខ័ណ្ឌ Premier League និងកំពុងត្រៀមលក្ខខណៈសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ជាមួយនឹងក្រុម Barcelona នៅខែក្រោយ។ បើទោះបីវិលទៅរកទម្រង់លេងយ៉ាងល្អក៏ដោយ ប៉ុន្តែ Man Utd បានរក្សាការដេញតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool ចំនួន១៨ពិន្ទុ និងតាមពីក្រោយក្រុមស្ថិតក្នុងទីក្រុងតែមួយ Manchester City ចំនួន១៦ពិន្ទុ។


លោក Solskjaer
បានឈ្នះពានរង្វាន់លីក៦លើក ក្នុងរយៈពេល១១ឆ្នាំរបស់លោកក្នុងនាមជាកីឡាកររបស់ Man United ហើយលោកជឿជាក់ថា វាជាការងាររបស់លោកក្នុងការជួយឲ្យក្រុម Man United ឈ្នះពាន១លើកទៀត ក្រោយពីមិនធ្លាប់បានឈ្នះពានក្របខ័ណ្ឌលីកសោះ ចាប់តាំងពីលោក Alex Ferguson បានចូលនិវត្តន៍ក្នុងឆ្នាំ២០១៣។

គ្រូបង្វឹករូបនេះបានប្រាប់អ្នកយកព័ត៌មាននៅ Old Trafford ថា៖ «ការឈ្នះពាន Premier League ម្តងទៀតគឺជាគោលដៅដែលយើងរំពឹងទុក គោលដៅដែលយើងស៊ាំ គោលដៅដែលយើងធ្វើបានសម្រេចជាច្រើនលើក»៕
ប្រភពព័ត៌មាន៖ Channel News Asia