ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ប្រកាសទិញបានខ្សែការពារឆ្វេង Lucas Hernandez ពីក្លឹប Atletico Madrid ក្នុងតម្លៃបំបែកកំណត់ត្រាក្លឹប ៦៨លានផោន។ កីឡាករវ័យ២៣ឆ្នាំ ដែលនឹងចុះកុងត្រា ៥ឆ្នាំនៅកីឡដ្ឋាន Allianz Arena បានពិនិត្យសុខភាពដោយជោគជ័យហើយ។

Lucas បានក្លាយជាកីឡាករថ្លៃបំផុតរបស់ក្លឹប Bayern ដោយបំបែកកំណត់ត្រាចាស់ Corentin Tolisson ដែលផ្ទេរពី Lyon កាលឆ្នាំ២០១៧ ក្នុងតម្លៃ ៣៧,៣៥លានផោន។ ខ្សែការពារឆ្នើម ដែលបានឈ្នះពាន World Cup ជាមួយជម្រើសជាតិបារាំង កាលឆ្នាំមុនរូបនេះ នឹងចូលរួមជាមួយមិត្តរួមជាតិ Benjamin Pavard នៅខែកក្កដា ពេលចប់រដូវកាលនេះ។

“នេះពិតជាថ្ងៃដ៏សំខាន់បំផុត ក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្ញុំ។ Bayern Munich ជាក្លឹបមួយ ក្នុងចំណោមក្លឹបធំៗបំផុតនៅអឺរ៉ុប និងលើពិភពលោក។ ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលនឹងអាចចូលរួមប្រយុទ្ធ សម្រាប់ការឈ្នះពានរង្វាន់ជាមួយ Bayern។ ខ្ញុំសូមអរគុណដល់ Atletico, អ្នកចាត់ការ គ្រូបង្វឹក មិត្តរួមក្រុមរបស់ខ្ញុំ និងអ្នកគាំទ្រទាំងអស់ សម្រាប់រយៈពេល ១២ឆ្នាំដ៏អស្ចារ្យ”។ Lucas បានប្រាប់ដល់វិបសាយក្លឹប Bayern Munich៕