កីឡាករខ្សែបម្រើ Philippe Coutinho បាន​ប្រាប់​មិត្ត​រួម​ក្រុម​ថា​ខ្លួន​កំពុង​ពិចារណា​ចាកចេញ​ពីទឹកដី Camp Nou របស់ក្រុម FC​ Barcelona នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ក្រោយ​មិន​ស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​គ្រូ​បង្វឹក​ និង​ចំណាយ​ពេល​ភាគ​ច្រើន​អង្គុយ​បម្រុង។​

ខ្សែ​បម្រើដែលមាន​សញ្ជាតិ​ប្រេស៊ីល Coutinho ​បានជួប​រឿង​ខ្មៅ​ងងឹត​​ក្នុង​អាជីព​ក្រោយ​ចាកចេញ​ពី​ Liverpool មិន​ដល់​១​ឆ្នាំ​កន្លះ​ផង​ ហើយ​ពេល​នេះ​កំពុង​ស្វែង​រក​ក្លឹប​ថ្មី​ដើម្បី​វិល​ទៅ​ជម្រើស​១១​នាក់​ដំបូង​ជាប់​លាប់​ដូច​ពី​មុន​វិញ។​ Ernesto Valverde ពេញ​ចិត្ត​ការ​លេង​របស់​ Dembele ជាង​ Coutinho ហើយ​លោក​មិន​ហាម​ឃាត់​នោះ​ទេ​បើ​ Coutinho ចង់​ចាកចេញ។​

ចំណែកឯក្លឹបបីសាចក្រហម Manchester United គឺ​ជា​ក្រុម​មួយ​​ចាប់​អារម្មណ៍​ Coutinho ខ្លាំង​ជាង​គេ​ខណៈ​ដែលតោខៀវ Chelsea ក៏​កំពុង​តាម​មើល​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ផងដែរ។​ តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​ រូបនេះបាន​ចាកចេញ​ពី​ហង្សក្រហម Liverpool​ កាល​ពី​ខែ​មករា​ឆ្នាំ​មុន​ក្នុង​តម្លៃ​១៤២​លាន​ផោន​ ទៅ​កាន់​ Barcelona ដែល​រូប​គេ​ហៅ​ថា​ជា​ “ក្លឹប​ក្នុង​ក្ដី​ស្រមៃ” តាំង​ពី​កុមារភាព​៕