លោកគ្រូបង្វឹកថ្មី Ole Gunnar Solskjaer ដែលទើបនឹងចូលកាន់តំណែងថ្មី នៅក្នុងក្លឹបបីសាចក្រហម Manchester United គ្មាន​បំណង​​ជះ​លុយ​ច្រើន​សន្ធឹកសន្ធាប់​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​នៅ​រដូវ​ក្ដៅ​ខាង​មុន​នេះ​ទេ​ បើ​ទោះ​ជា​ទើប​ឡើង​កាន់​តំណែង​ថ្មី​ៗ​នេះ​ក៏​ដោយ។

Solskjaer បុរស​សញ្ជាតិ​ន័រវែស ​ត្រូវ​បាន​ក្លឹប​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​តែងតាំង​ជា​អ្នក​ចាត់​ការ​ពេញ​សិទ្ធ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទើប​ធ្វើ​ឲ្យ​មាន​សំណួរ​ចោទ​សួរ​ថា​លោក​មាន​គម្រោង​ចាយ​ទ្រង់ទ្រាយ​ធំ​ ​ដើម្បី​ត្រៀម​ នៅរដូវ​កាល​ថ្មីនេះ ​ឬ​ក៏​អត់។​ អ្នក​ចាត់​ការ​មុន​​ Jose Mourinho បាន​ចាយ​ប្រមាណ​៣៦០​លាន​ផោន​លើ​ការ​ទិញ​កីឡាករ​ និង​លក់​បាន​មក​វិញ​តែ​៧៥​លាន​ប៉ុណ្ណោះ។​

តែទោះជាយ៉ាង​ណាក៏ដោយលោក​ Ole Gunnar Solskjaer​ វិញ​បាន​និយាយ​ថា​ លោក​មិន​ប្រញាប់ប្រញាល់​ពេក​ទេ​ក្នុង​ការ​ទិញ​កីឡាករ​ថ្មី​ ពិសេស​គឺ​ការ​ទិញ​កីឡាករ​ឲ្យ​តែ​បាន​ថា​ទិញ​ ប៉ុន្តែវាគ្មាន​ប្រសិទ្ធិភាព។​ “ជា​ការ​ពិត​សំរាប់ក្រុមបីសាចក្រហម Manchester United មួយនេះគឺ​ជា​ក្លឹប​អ្នក​មាន​ ប៉ុន្តែ​អ្នក​ដែល​ស្គាល់​ខ្ញុំ​នឹង​ដឹង​ហើយ​ថា​ ខ្ញុំ​ចាយ​លុយ​តែ​ពេល​ចាំ​បាច់​ប៉ុណ្ណោះ និង​មិន​ចាយ​ខុស​គោល​ដៅ”​ ហើយនេះជាគោលដៅពិតរបស់ខ្ញុំ៕