កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្លឹបសេះបង្កង់ Juventus បានធ្វើដំណើរ ទៅកាន់ទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញ ដើម្បីពិនិត្យបញ្ហារបួសសាច់ដុំភ្លៅ ដែលបានកើតឡើងនៅ អំឡុងពេលរូបគេ ធ្វើការប្រកួតឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងវគ្គជម្រុះពានរង្វាន់ Euro 2020 កាលពី សប្តាហ៍មុន។

ការប្រកួតរវាងក្រុមព័រទុយហ្គាល់ បានត្រឹមស្មើ ១-១ ទល់នឹងក្រុមសែប៊ី ដោយខ្សែប្រយុទ្ធរូបនេះបានរងរបួស ក្នុងប្រមាណ ៣១នាទីដំបូងក្នុងវគ្គទី១ ហើយនៅពេលនេះក្លឹប Juventus និងសាមីខ្លួន Ronaldo បានព្រមព្រៀង ធ្វើការតាមដាន និងពិនិត្យបញ្ហានេះបន្តទៀតនៅទឹកដីអេស្ប៉ាញ ដើម្បីឲ្យទាន់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ Champions League ទល់នឹងក្លឹប Ajax របស់ហូឡង់។

កីឡាករជើងស៊ុត វ័យ៣៤ឆ្នាំ Ronaldo បច្ចុប្បន្នរកបាន ១៩គ្រាប់ឲ្យសេះបង្កង់ Juventus និងខកខានការប្រកួត ពានរង្វាន់លីគកំពូលអីតាលី Serie A ៣ប្រកួតទល់នឹងក្រុម Empoli, Cagliari និង AC Milan មុននឹងការប្រកួត ជាមួយ Ajax នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខាងមុខ គ្រាដែលឱកាសវិលចូលទីលានមានត្រឹមតែ ៥០ភាគរយ ប៉ុណ្ណោះ៕