ក្រុម Liverpool បានវិលទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League វិញ ខណៈដែលកីឡាកររបស់ក្រុម Spur ធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទីចុងក្រោយធ្វើអោយកីឡាករ Toby Alderweireld បានផ្តួលក្រុម Tottenham ក្នុងលទ្ធផល ២-១ នាកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ។

ក្រុមរបស់លោក Jurgen Klopp បាននាំមុខ២ពិន្ទុដាច់លើក្រុម Manchester City នៅលើកំពូលតារាង ប៉ុន្តែ Man City នៅសល់១ប្រកួតក្នុងដៃ។ ក្តីសង្ឃឹមរបស់ក្រុម Liverpool នៃការបញ្ចប់ការរង់ចាំរយៈពេល២៩ឆ្នាំ​​ ដើម្បីឈ្នះពានហាក់ដូចជាត្រូវរងនូវការខកចិត្តដ៏ធំមួយទៅហើយ ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីនៅរយៈពេល២០នាទីចុងក្រោយរបស់កីឡាករ Lucas Moura បានតាមស្មើគ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Roberto Firmino។

ប៉ុន្តែ ទោះបីជាយ៉ាងណា អ្នកចាំទី Hugo Lloris ត្រឹមតែអាចទះបាល់ពីការតែតរបស់កីឡាករ Mohamed Salah ចេញ តែបាល់នោះបានធ្លាក់ចំកីឡាករ Alderweireld ដែលបានធ្វើឲ្យបាល់ចូលទីខ្លួនឯងដើម្បីធ្វើឲ្យក្រុម Tottenham រងបរាជ័យជាលើកទី៤ក្នុងចំណោមការប្រកួត៥លើកនៃក្របខ័ណ្ឌ Premier League តែម្តង។

បច្ចុប្បន្ន ក្រុម Spurs កំពុងតែស្ថិតក្នុងគ្រោះថ្នាក់នៃការធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង៤ ខណៈដែលពួកគេនៅតែមានពិន្ទុស្មើជាមួយនឹងក្រុម Manchester United ហើយអាចនឹងធ្លាក់ឈរពីក្រោមក្រុម Arsenal ប្រសិនបើក្រុមកាំភ្លើងធំមួយនេះ ដណ្តើមបានជ័យជម្នះលើក្រុម Newcastle នៅថ្ងៃចន្ទនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia