លោក Maurizio Sarri ជឿ​ជាក់​ថា​ក្រុមតោខៀវ Chelsea នៅ​តែ​មាន​ឱកាស​ប្រជែង​ដើម្បី​ក្លាយ​ជា​ក្រុម​កំពូលទាំង ៤ ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ឈ្នះ​រាល់​ការប្រកួត​ទាំង​៨​ដែល​នៅ​សល់​ ដូច​ដែល​គេ​អះអាង​ឡើយ។

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​​​ Maurizio សង្ឃឹម​ថា ក្រុម​២​ក្នុង​ចំណោម​ក្លឹប​៤​ដែល​ប្រជែង​យក​កៅអី​២​ដែល​នៅ​សល់​សម្រាប់​​តំណែង Top ៤​ នៅ Premier League នៅ​មាន​ភារកិច្ច​លេង Champions League ដែល​ធ្វើ​ឲ្យ​ពួកគេ​​អាច​ទុក​ជើង​ដើម្បី​បំពេញ​កាតព្វកិច្ច​លេង​ពាន​ទ្វីប​អឺរ៉ុប។ បច្ចុប្បន្ន​ Chelsea ឈរ​នៅ​លំដាប់​ទី ៦ Tottenham និង Man Utd ឈរ​នៅ​លេខ​៣​ និង លេខ​៤​ មាន​៤​ពិន្ទុ​លើស Chelsea ដូច​គ្នា។

ក្រុមរបស់លោក Jurgen Klopp បាននាំមុខ២ពិន្ទុដាច់លើក្រុម Manchester City នៅលើកំពូលតារាង ប៉ុន្តែ Man City នៅសល់១ប្រកួតក្នុងដៃ។ បច្ចុប្បន្ន ក្រុម Spurs កំពុងតែស្ថិតក្នុងគ្រោះថ្នាក់នៃការធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង៤ ខណៈដែលពួកគេនៅតែមានពិន្ទុស្មើជាមួយនឹងក្រុម Manchester United ហើយអាចនឹងធ្លាក់ឈរពីក្រោមក្រុម Arsenal ប្រសិនបើក្រុមកាំភ្លើងធំមួយនេះ ដណ្តើមបានជ័យជម្នះលើក្រុម Newcastle នៅថ្ងៃចន្ទនេះ៕