ក្រុម Man United បានដណ្តើមចំណាត់ថ្នាក់ទី៤ ពីលើក្រុម Arsenal ដែលមាន ១ប្រកួតត្រូវលេងនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានផ្តួលក្រុមភ្ញៀវ Watford ក្នុងលទ្ធផល ២:១ កាលពីយប់ថ្ងៃសៅរ៏។​ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស Rashford បានរកគ្រាប់បាល់ទី១០ សម្រាប់ក្របខ័ណ្ឌ Premier League នៃរដូវកាលនេះបន្ទាប់ពីការបញ្ចូនបាល់ដ៏ល្អពី Luke Shaw នាំអោយក្រុមម្ចាស់ផ្ទះនាំមុខមុននៅនាទីទី២៨។

ក្រុម Watford បាត់បង់ឱកាសដើម្បីទទួលជ័យជម្នះជាលើកដំបូងរបស់ពួកគេនៅទឹកដី Old Trafford ក្រោយ Anthony Martial បន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៧២ មុនពេលកីឡាករ Abdoulaye Doucoure បានរកគ្រាប់បាល់បញ្ចូលទីចុងក្រោយនៅនាទីទី៩០ មុនបញ្ចប់ការប្រកួត។

លោក Solskjaer ត្រូវបានតែងតាំងជាគ្រូបង្វឹកពេញសិទ្ធិរយៈពេល ៣ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ មានកំនត់ត្រាចាញ់ការប្រកួត ១ដងប៉ុណ្ណោះនៅក្របខណ្ឌ Premier Leageu ក្រោយចូលមកដឹកនាំជំនួសលោក Jose Mourinho កាលពីខែធ្នូបានថ្លែងប្រាប់ BBC ថា: វាពិតជាគួរឱ្យភ័យខ្លាចក្នុងរយៈពេល ៥នាទីចុងក្រោយ។ ប៉ុន្តែទីបំផុតយើងអាចរកបានជ័យជំនះ។