លោក Ole Gunnar Solskjaer បានបញ្ជាក់ថា មានការធានាអះអាងដោយខ្សែបម្រើដ៏មានឥទ្ធិពល Paul Pogba ដែលជាតារាឆ្នើមអន្តរជាតិបារាំងរូបនេះ មិនចង់ចាកចេញពីក្លិប Manchester United បើទោះបីមានការលើកឡើងជាច្រើនជុំវិញការផ្ទេរមួយទៅកាន់ក្លិប Real Madrid ក៏ដោយ។

ខ្សែបម្រើ Pogba របស់ Man United កាលពីសប្តាហ៍មុន បានចាត់ទុកក្លិប Real Madrid ដែលដឹកនាំដោយអតីតតារាឆ្នើមបារាំងលោក Zinedine Zidane ថា «ជាក្លិបស្ថិតក្នុងក្តីស្រមៃមួយសម្រាប់រាល់កីឡាករទាំងអស់» ក្នុងពេលបំពេញការតព្វកិច្ចអន្តរជាតិ។

បន្ទាប់មក អ្វីៗកាន់តែមានភាពក្តៅគគុក នៅមុនពេលការប្រកួតរបស់ក្រុម Real Madrid កាលពីចុងសប្តាហ៍ថ្មីៗនេះ នៅពេលដែលគ្រូបង្វឹកនៃក្រុមយក្សអេស្ប៉ាញមួយនេះ បានទទួលស្គាល់ថា Pogba នឹងទទួលការស្វាគមន៍យ៉ាងកក់ក្តៅ នៅកីឡដ្ឋាន Bernabeu ប្រសិនបើ និងនៅពេលដែលរូបគេសម្រេចចិត្តបញ្ចប់អាជីពរបស់គេជាមួយនឹងក្លិប Man United។ លោក Zidane ត្រូវបានរំពឹងទុកថា នឹងទទួលបានកញ្ចប់ថរិវិកាក្នុងការទិញចូលកីឡាករថ្មីៗ នៅរដូវក្តៅនេះ ដើម្បីជួយសង្គ្រោះក្លិប។

Real បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Ajax ក្នុងវគ្គ១៦ក្រុមចុងក្រោយ និងដេញតាមពីក្រោយក្រុម Barcelona ១២ពិន្ទុ ក្នុងក្របខ័ណ្ឌ La Liga។ លោក Solskjaer ទើបតែត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅជាអចិន្ត្រៃយ៍ នាកីឡដ្ឋាន Old Trafford កាលពីសប្តាហ៍មុន ប៉ុន្តែ អនាគតរបស់តារាឆ្នើមៗរបស់ Man United កំពុងតែស្ថិតក្នុងការបារម្មណ៍ម្តងទៀត។

ប៉ុន្តែ ទោះបីជាយ៉ាងណា គ្រូបង្វឹករូបនេះបានបញ្ជាក់ថា៖ «វាពិតជាមិនធ្វើឲ្យខ្ញុំខ្វល់ខ្វាយឡើយ ពីព្រោះសកម្មភាពរបស់ខ្ញុំគឺការព្យាយាមពិភាក្សាជាមួយនឹង Paul»៕
ប្រភពព័ត៌មាន៖ worldsoccertalk