ខ្សែបម្រើដ៏មានឥទ្ធិពល Aaron Ramsey បានជួយឲ្យក្រុម Arsenal ឡើងឈរលេខ៣ នៅលើតារាងនៃក្របខ័ណ្ឌ Premier League ខណៈដែលការរកបានគ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់តារាឆ្នើមអន្តរជាតិវេលស៍រូបនេះ បានជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Newcastle កាលពីថ្ងៃចន្ទ។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី១របស់ Ramsey បានកើតឡើង នៅមុនពេលគ្រាប់បាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ Alexandre Lacazette នៅជិតបញ្ចប់ការប្រកួតនាកីឡដ្ឋាន Emirates ដើម្បីរក្សាការអភិវឌ្ឍដ៏គួរឲ្យចាប់អារម្មណ៍ក្រោមការដឹកនាំរបស់លោក Unai Emery។

ក្រុមរបស់លោក Emery បានឡើងឈរលេខ៣ ដោយនាំមុខ២ពិន្ទុលើក្រុមឈរលេខ៤ Tottenham និងក្រុមឈរលេខ៥ Manchester United ដើម្បីពង្រឹងឱកាសរបស់ពួកគេក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ស្របពេលនៅសល់ការប្រកួតត្រឹមតែ៧លើកទៀត។

វាជាលើកទី១ហើយដែលក្រុម Arsenal បានឡើងទៅឈររហូតដល់ចំណាត់ថ្នាក់លេខ៣ ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ ដើម្បីបង្ហាញពីការបន្តវិលទៅរកភាពខ្លាំងវិញ ចាប់តាំងពីលោក Emery អតីតគ្រូបង្វឹករបស់ក្រុម Paris Saint Germain បានចូលជំនួសកន្លែងរបស់លោក Arsene Wenger កាលពីចុងបញ្ចប់រដូវកាលមុន។ គ្រាប់បាល់ស៊ុតបញ្ចូលទី នាទី៥របស់ Ramsey នៅរដូវកាលនេះ គឺជាគ្រាប់បាល់ទី២របស់គេ បើគិតចាប់តាំងពីរូបគេបានចុះកិច្ចសន្យាមុនការផ្ទេរជាផ្លូវការមួយទៅកាន់ក្លិប Juventus នៅចុងរដូវកាលបច្ចុប្បន្ននេះ។

ប៉ុន្តែ បើទោះបី Ramsey នឹងមិនស្ថិតក្នុងផែនការរយៈពេលវែងរបស់លោក Emery ក៏ដោយ តែ អនាគតរបស់ក្រុម Arsenal ហាក់ស្ថិតក្នុងភាពត្រចះត្រចង់ ក្រោយពីបានកត់ត្រាជ័យជម្នះ១០លើកក្នុងការប្រកួតលីកលើទឹកដីខ្លួនឯងជាប់ៗគ្នា ជាលើកទី១ បើគិតចាប់តាំងពីខែធ្នូ ឆ្នាំ១៩៩៧ រហូតដល់ខែឧសភា ឆ្នាំ១៩៩៨៕

ប្រភពព័ត៌មាន៖ Channel News Asia